ក្រុមហ៊ុន Tesla សាងសង់រោងចក្រតម្លៃ៥,៥ពាន់លានដុល្លារ ដើម្បីដណ្ដើមចំណែកទីផ្សារនៅអឺរ៉ុប

ចែករំលែក

សុខុម

ប៊ែរឡាំងៈ រដ្ឋ Brandenburg នៃប្រទេសអាល្លឺម៉ង់ បានធ្វើសន្និសីទកាសែតនៅថ្ងៃសុក្រ ទី៤ មីនា នេះដើម្បីឈានទៅដល់ការអនុម័តគម្រោងរោងចក្រក្រុមហ៊ុន Tesla មួយដែលមានតម្លៃ៥,៥ពាន់លានដុល្លារអាមេរិក នៅក្បែរទីក្រុងប៊ែរឡាំង ប្រសិនបើក្រុមហ៊ុនបំពេញបានតាមលក្ខខណ្ឌតម្រូវ។

រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍ថា “នីតិវិធីអនុម័តសម្រាប់រោងចក្រផលិតរថយន្តអគ្គិសនី និងផលិតអាគុយរបស់ក្រុមហ៊ុនអាមេរិក Tesla នៅក្រុង Gruenheide នៃរដ្ឋ Brandenburg ជិតរួចរាល់ជាស្ថាពរហើយ”។

រយៈពេលជាច្រើនខែមកហើយដែលក្រុមហ៊ុន Tesla បាននិងកំពុងរង់ចាំការអនុម័តផ្ដល់អាជ្ញាប័ណ្ណដើម្បីចាប់ផ្តើមផលិតកម្មនៅរោងចក្ររថយន្តអគ្គិសនី (EV) និងរោងចក្រអាគុយនៅជាប់គ្នាក្នុងទីក្រុង Gruenheide ជិតទីក្រុងប៊ែរឡាំង។

មហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla សង្ឃឹមថា រោងចក្រនេះនឹងជួយក្រុមហ៊ុនដណ្ដើមចំណែកទីផ្សារអឺរ៉ុប ដែលបច្ចុប្បន្នក្រុមហ៊ុន Volkswagen កាន់កាប់ចំណែក២៥%នៃការលក់រថយន្តអគ្គិសនី ខណៈក្រុមហ៊ុន Tesla កាន់កាប់ចំណែកទីផ្សារ១៣%។

បន្ទាប់ពីការពន្យារពេលជាច្រើនលើក លោកបាននិយាយកាលពីខែតុលា ឆ្នាំមុនថា លោកសង្ឃឹមថានឹងអាចដំណើរការរោងចក្រនេះនៅខែធ្នូ ចុងឆ្នាំ២០២១។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះក្រុមហ៊ុនមិនទាន់បានធ្វើបច្ចុប្បន្នភាពកាលវិភាគរបស់ខ្លួន សម្រាប់ការដំណើរការរោងចក្រនេះនៅឡើយទេ៕


ចែករំលែក