ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន LSCG Real Estate Co., Ltd បានឈ្នះការដេញថ្លៃ លើគម្រោងដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ឬសូឡាអានុភាព ៧០MW នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។

លោកលី សុខឆាយអគគ្គនាយកក្រុមហ៊ុន LSCGបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា កិច្ចព្រមព្រៀងអនុវត្តគម្រោងនេះ ត្រូវបានចុះហត្ថលេខារួចរាល់ កាលពីថ្ងៃទី២២ ខែកុម្ភៈ ក្រោមទុនវិនិយោគ១៦៨ លានដុល្លារអាមេរិក។

-->
លោកបន្តថា “គម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងLSCG ជាមួយដៃគូវិនិយោគនៅឯប្រទេសចិន។ ដូច្នេះបន្ទះសូឡា និងឧបករណ៍ផ្សេងៗ នឹងត្រូវបាននាំចូលដោយផ្ទាល់ពីប្រទេសចិន ព្រមជាមួយនឹងបច្ចេកវិទ្យាដំឡើងពីអ្នកជំនាញ និងអ្នកបច្ចេកទេស”។លោកបន្តថា “ប្រព័ន្ធសូឡាននេះនឹងត្រូវដំឡើង នៅប៉ែកខាងកើតនៃព្រលានយន្តហោះ ដោយនឹងត្រូវអនុវត្តជា៣ដំណាក់កាល។
លោកលី សុខឆាយបានបន្តថា ការដំឡើងគ្រោងនឹងចាប់ផ្តើមនៅប៉ុន្មានខែខាងមុខនេះ ទិសដៅដើម្បីឱ្យរួចរាល់ព្រមគ្នា នឹងការស្ថាបនាព្រលានដែរ។

លោកលី សុខឆាយ បានពន្យល់ថា ថាមពលពន្លឺព្រះអាទិត្យ គឺជាថាមពលស្អាតកកើតឡើងវិញ ដែលនឹងជួយឱ្យប្រតិបត្តិការព្រលានយន្តហោះកាន់តែសន្សំសំចៃ កាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយហានិភ័យខ្វះខាតអគ្គិសនីពី EDC និងជាពិសេសជួយបង្កើនតម្លៃ និរន្តរភាពនៃគម្រោង។

គិតត្រឹមចុងខែមករានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ១៥០០លានដុល្លារនេះ បានសាងសង់រួចរាល់៣០ភាគរយហើយ ដោយចំណាយទុនសរុបចំនួន៣៩០លានដុល្លារ ដែលការចំណាយនេះ មិនរាប់បញ្ចូលតម្លៃដីនៅឡើយ៕