ដោយគង់ សូរិយា
ភ្នំពេញ៖ មន្ត្រីពាណិជ្ជកម្មថៃប្រចាំខេត្តសៀមរាបបានសម្តែងសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាថៃ អាចនឹងកើនឡើងចំនួន១៨ភាគរយបន្ថែមទៀតនៅឆ្នាំនេះ ខណៈរយៈពេល៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនទឹកប្រាក់ដល់ជាង៤១០០លានដុល្លាររួចទៅហើយ។
តំណាងពាណិជ្ជកម្មថៃប្រចាំខេត្តសៀមរាបលោក ស្រី ជីវ៉ាណាន់ វង្សមង្គល បានមានប្រសាសន៍ ក្នុងពិធីបើកសម្ពោធពិរព័ណ៌ពាណិជកម្មថៃ Thailand Products Expo 2018 លើកទី២ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងមកថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃក្នុងមួយឆ្នាំៗមានការកើនឡើង ជាក់ស្តែងទំហំការធ្វើពាណិជ្ជកម្មឆ្នាំ២០១៧ បានកើនឡើងក្នុងរង្វង់៨ពាន់លានដុល្លារអាមេរិក។ ចំណែកនៅក្នុងឆ្នាំ២០១៨នេះ យើងអាចរំពឹងថា នឹងកើនឡើងចំនួន១៨ភាគរយបន្ថែមទៀត។
រយៈពេល៧ខែដើមឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានចំនួនជាង៤,៦ពាន់លានដុល្លារអាមេរិករួចហើយ ក្នុងនោះថៃបាននាំចូលមកកម្ពុជា មានទឹកប្រាក់ជាង៤១០០លានដុល្លារ។ រីឯការនាំចេញពីកម្ពុជាទៅថៃ មានទឹកប្រាក់ជិត៥០០លានដុល្លារអាមេរិក។
ការតាំងពិពណ៌លើកនេះ គឺមានក្រុមហ៊ុនជាច្រើនបាននាំយកផលិតផលប្លែកៗ មកតាំងពិរព័ណ៍និងដាក់តាំងបង្ហាញផលិតផលទាំងនោះ ដែលជាផលិតកែច្នៃចេញពីរោងចក្រ ដើម្បីបម្រើសេវាជូនអតិថិជន ជាពិសេសបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មានទំនុកចិត្តនៅលើផលិតថៃ និងជាឱកាសស្វែងរកដៃគូពាណិជ្ជកម្ម និងការផ្លាស់ប្តូបទពិសោធន៍ផ្សេងៗ ក្នុងការអភិវឌ្ឍន៍និងស្វែងរកទីផ្សាររបស់ខ្លួន។
ការតាំងពិព័ណ៌ផលិតផលថៃលើកទី២នេះ មានការចូលរួម២០០ក្រុមហ៊ុន និងមានចំនួន២៥០ស្តង់ ដើម្បីដាក់បង្ហាញផលិតផលដូចជា សម្ភារៈសំណង់ អាហារនិងភេជ្ជៈ សម្លៀកបំពាក់និងវាយនភ័ណ្ឌ សុខភាព និងសម្ឆស្ស សម្ភារៈប្រើប្រាស់ក្នុងផ្ទះនិងផ្ទះបាយ សម្ភារៈធ្វើពីស្បែកនិងស្បែកជើងជាដើម៕