ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ការអភិវឌ្ឍតែងតែនាំមកនូវផលប្រយោជន៍ ដល់សហគមន៍និងមូលដ្ឋានក្នុងតំបន់នោះ ក្នុងនោះការអភិវឌ្ឍលើគម្រោង លំនៅឋានលំហែកាយ នឹងនាំមកនូវការអភិវឌ្ឍក្នុងសហគមន៍ ជាមួយនឹងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះផ្ទាល់តែម្ដង។

លោកអ៉ិន ស៊ីថា អគ្គនាយកនៃក្រុមហ៊ុន Forest Harmony ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានលំហែកាយមួយ នៅក្នុងខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៧ មិនានេះថា ការអភិវឌ្ឍនូវលំនៅឋានលំហែកាយក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្ដាខេត្តសក្ដានុពល នឹងជំរុញឱ្យមានការអភិវឌ្ឍ នៅក្នុងមូលដ្ឋាននោះផ្ទាល់តែម្ដង ជាពិសេសនឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅក្នុងតំបន់អភិវឌ្ឍន៍នោះផងដែ។
-->
លោកបន្តថា “នៅពេលយើងមានការអភិវឌ្ឍ គម្រោងលំនៅឋានលំហែកាយ យើងត្រូវការបុគ្គលិកកម្មករ សម្រាប់បម្រើការងារក្នុងការដ្ឋាន ជាក់ស្ដែងក្នុងការដ្ឋានរបស់យើង មានកម្មករសំណង់ប្រមាណជាង៣០០នាក់សម្រាប់បម្រើការងារ និងបានផ្ដល់ប្រាក់កម្រៃដល់ពួកគេ សម្រាប់ទ្រទ្រង់ជីវភាពក្រុមគ្រួសារផងដែរ”។

លោកអ៉ិន ស៊ីថាបានបន្តថា ក្រៅពីការផ្ដល់នូវការងារជូនកម្មករ ធ្វើការក្នុងការដ្ឋាន ប្រជាពលរដ្ឋដែលមានដីធ្លីនៅតំបន់ជុំវិញ គម្រោងអភិវឌ្ឍន៍លំនៅឋានលំហែកាយ ក៏អាចកែកុនដីរបស់ខ្លួន និងសង់ផ្ទះបើអាជីវកម្មសម្រាប់លក់ដូរ ជូនដល់អតិថិជនដែលមកមើល គម្រោងអភិវឌ្ឍន៍របស់លំនៅឋានលំហែកាយទាំងនោះ តាំងពីគម្រោងចាប់ផ្ដើមដំបូងរហូតដល់រួចរាល់និងមានមនុស្សចូលទៅរស់នៅ ។ ការអភិវឌ្ឍលំនៅឋានលំហែកាយនេះដែរ នឹងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការទៅទស្សនានិងកម្សាន្តនៅក្នុងតំបន់អភិវឌ្ឍន៍ទាំងនោះ ។

លោកបន្ថែមថា វាមិនត្រឹមតែជួយដល់មូលដ្ឋាន នៃការអភិវឌ្ឍគម្រោងលំនៅឋាននោះទេ តែវាក៏បានជួយដល់ខេត្តនោះទាំងមូលផងដែរ តួយ៉ាងសម្រាប់ខេត្ត ដែលមានសក្ដានុពលលើវិស័យទេសចរណ៍ គេឃើញមានគម្រោងអភិវឌ្ឍន៍លំនៅឋានកាន់តែច្រើន ក្នុងនោះដែរខេត្តកំពតក៏ជាខេត្តមួយដែលមានការអភិវឌ្ឍ គម្រោងលំនៅឋានលំហែកាយច្រើន និងកំពុងតែទាក់ទាញភ្ញៀវទេសចរជាច្រើនទៅកម្សាន្ត ។

លោកCooler Tan អគ្គនាយកក្រុមហ៊ុនYoungsia Real Estateដែលបាន និងកំពុងវិនិយោគដីឡូត៍លំហែរកាយបូកគោលែន បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការអភិវឌ្ឍគម្រោងលំនៅឋានលំហែកាយនឹងផ្ដល់អត្ថប្រយោជន៍ ដល់សហគមន៍មូលដ្ឋានផ្ទាល់តែម្ដង ក្នុងនោះយើងក៏បានរៀបចំជាផ្សារសហគមន៍ សម្រាប់ឱ្យប្រជាកសិករ ដែលមានផលិតផលមកដាក់លក់ជូនទេសចរ ដែលមកសម្រាក និងកម្សាន្តនៅក្នុងគម្រោងលំនៅឋានលំហែ ហើយវានឹងលើកមុខមាត់តំបន់ ក្នុងសហគមន៍នោះឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕