ដោយ ដែន ចែងចាំង
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម បានស្នើឲ្យភាគីកូរ៉េសិក្សាលទ្ឋភាពវិនិយោគថាមពលអគ្គិសនីដើមដោយសំរាម ខណៈកន្លងមកមានក្រុមហ៊ុនសិក្សាច្រើន តែមិនទាន់មានលទ្ឋផលនៅឡើយ។
ក្នុងជំនួបជាមួយលោក Oh Nak Young ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៧ កញ្ញាកន្លងមកនេះ លោកស៊ុយ សែមបានថ្លែងថា សូមឲ្យស្ថានទូតកូរ៉េជួយរកអ្នកវិនិយោគកូរ៉េណាមួយពិតប្រាកដ មានទាំងធនធាន បច្ចេកទេស និងទុនមកវិនិយោគ ព្រោះសំរាមនៅទីក្រុងភ្នំពេញ មួយថ្ងៃៗមានរាប់សិបពាន់តោន។ រីឯការផលិតជីវៈឧស្ម័នមានក្រុមហ៊ុនកូរ៉េមួយ MH BioEnergy កំពង់ដំណើរការផលិតអេតាណុលចេញពីដំឡូងមី ពីវិស័យកសិកម្មរួមទាំងការដាំដំឡូងមី មានច្រើនស្ទើរគ្រប់ខេត្ត ប្រសិនបើក្រុមហ៊ុនកូរ៉េមានការចាប់អារម្មណ៏សូមអញ្ជើញ។
លោករដ្ឋមន្ត្រីបន្តថា ចំពោះការប្រើប្រាស់នាឡិកាវាស់ស្ទង់អគ្គិសនីវៃឆ្ឆ្លាត (Smart Meter) កន្លងមកអគ្គិសនីកម្ពុជាធ្លាប់បានទទួលជំនួយពីកូរ៉េដែរ ឃើញថាមានគុណភាពខ្ពស់។ ចំណែកការនាំចេញខ្សាច់ពីកម្ពុជា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យនាំចេញទេ តែក្រសួងសូមស្វាគមន៏ចំពោះក្រុមហ៊ុនកូរ៉េ មកធ្វើការវិនិយោគនៅកម្ពុជាដោយប្រើប្រាស់ខ្សាច់គ្រប់ប្រភេទជាវត្ថុធាតុដើម ។
ជាមួយនឹងជំនួបនេះ ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាបានអះអាងថា អ្នកវិនិយោគកូរ៉េមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជាលើវិស័យជាច្រើន ដូចជា ការវិនិយោគផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ការកែច្នៃសំរាមសម្រាប់ផលិតថាមពលអគ្គិសនី ការផលិតជីវៈឥន្ធនៈ ការជំរុញឲ្យមានការប្រើប្រាស់នាឡិកាវាស់ស្ទង់អគ្គិសនីវៃឆ្លាត (Smart meter) និងការនាំខ្សាច់ស៊ីលីកាចេញពីកម្ពុជា ជាដើម។
លោកបន្តថា កូរ៉េមានក្រុមហ៊ុនច្រើន និងមានបច្ចេកវិទ្យាខ្ពស់ខុសៗគ្នា ក្នុងការផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ ហើយកូរ៉េពេញចិត្តក្នុងការចែករំលែកនូវបទពិសោធន៍ ក៏ដូចជាបច្ចេកទេសដល់កម្ពុជា។ ហេតុនេះលោកទូតបានស្នើសុំឲ្យរដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល ជួយបង្កើតក្រុមកាងារមួយរវាង KOIKA និងមន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួងរ៉ែ និងថាមពល ដើម្បីធ្វើការងារនេះក្នុងគម្រោងឲ្យមានការរិកចម្រើន៕