ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុកថ្មីមួយLSCG បានសម្រេចចិត្តបោះទុន២លានដុល្លារ លើផ្ទៃដីជាង១០ហិកតានៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបច្ចុប្បន្នគំរោងនេះបាន និងកំពុងចាប់ផ្តើមឈូសឆាយ និងបំពាក់ភ្លើងសឡា។

លោកលី សុខឆាយអគ្គនាយកក្រុមហ៊ុនLSCGបានមានប្រសាសន៍ ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី៨ មិនានេះថា គំរោងនេះស្ថិតនៅភូមិថ្នល់បត់ ឃុំរំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ លោកបន្តថា គំរោងនេះផ្តោតសំខាន់លើផ្ទះលំហែរ និងដីឡូត៍ ដែលមានទីតាំងនៅព្រំប្រទល់ជាមួយនឹងប្រទេសថៃ។

-->
ស្រុកភ្នំព្រឹក ជាទឹកដីដ៏ស្រស់ស្អាត ដែលរំលេចជាមួយនឹងវាលចំការដំឡូងមី ពោត សណ្តែក និងមានជួរភ្នំដ៏ស្រស់ស្អាតវែងអន្លាយ ដែលតភ្ជាប់រវាងកម្ពុជា និងទឹកដីថៃ។

លោកលី សុខឆាយបានបន្តថា “ការសម្រេចចិត្តវិនិយោគនៅស្រុកភ្នំព្រឹក គឺដោយសារស្រុកនេះ ជាតំបន់ពោរពេញដោយសក្តានុពល និងជាស្រុកកំណើតរបស់ខ្ញុំ”។លោកបន្តថា “គំរោងនេះត្រូវបានប្រសិទ្ឋនាមថា ជាដីឡូត៍ និងផ្ទះលំហែរកាយការពារព្រំដែន”។

លោកបន្តថា ទីផ្សារអចលនទ្រព្យនៅស្រុកភ្នំព្រឹក កំពុងមានភាពរីកចម្រើន ដោយសារកម្រិតជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់នោះ មានភាពល្អប្រសើរ ព្រោះការដាំដំណាំកសិកម្ម និងលក្ខណៈកសិឧស្សាហកម្មច្រើន ដែលបច្ចុប្បន្នមានបុរីបែបលំហែរ និងដីឡូត៍លំហែរកាយជាច្រើនបានពង្រីកការវិនិយោគទៅកាន់តំបន់នេះ។
តាមព៌តមានគំរោងដីឡូត៍នេះ មានតម្លៃសមរម្យ ដោយក្នុងមួយឡូត៍មានតម្លៃចន្លោះពី៩៩៩ ដល់២០២២ដុល្លារអាមេរិកប៉ុណ្ណោះ៕