ដោយ វុត្ថា
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិនបានកើនឡើងយ៉ាងឆាប់រហ័ស ជាមធ្យម២៦ភាគរយក្នុងមួយឆ្នាំៗ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
គិតចាប់ពីឆ្នាំ២០១៦ ពាណិជ្ជកម្មទ្វេភាគីបានកើនដល់៤,៨ពាន់លានដុល្លារឤមេរិក ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានទំហំ៨៣០លានដុល្លារឤមេរិក និងការនាំចូលមានប្រមាណ៣,៩ពាន់លានដុល្លារឤមេរិក។
លោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអនរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភានិងអធិការកិច្ចបានថ្លែងក្នុងជំនួបជាមួយ លោកស្យង់ ប៉ូឯកអគ្គរដ្ឋទូតចិននាព្រឹកថ្ងៃទី២៨ កញ្ញានេះថា ប្រទេសចិនជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា ដែលគិតមកដល់ឆ្នាំ ២០១៦ សន្និធិវិនិយោគរបស់ចិនបានកើនឡើងដល់៥,១ពាន់លានដុល្លារឤមេរិក ដែលផ្តោតទៅលើវិស័យមួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី។ នៅឆ្នាំ២០១៦ ភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាមានចំនួន ៨៣០ពាន់នាក់ កើនឡើងប្រមាណ២០ភាគរយប្រៀបទៅនឹងឆ្នាំ 2015។
ដោយឡែកនៅក្នុងផ្នែកហិរញ្ញប្បទានដើម្បីការអភិវឌ្ឍ កម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ផ្លូវការទាំងជំនួយឥតសំណង និងកម្ចីពីសាធារណរដ្ឋប្រជាមានិតចិនរហូតដល់៤,២ ពាន់លានដុល្លារឤមេរិក គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០១៧ នេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាស ម្ព័ន្ធរូបវន្ត កសិកម្ម សុខាភិបាល និង អប់រំ។
លោកជំទាវបន្តថា ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសទាំងពីរបានបេជ្ញាបន្តពង្រីក កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ខ្លួនលើវិស័យសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្មទ្វេភាគី ទេសចរណ៍ វប្បធម៌ ការវិនិយោគ និងការអភិវឌ្ឍកសិកម្ម៕