Handing Over the House Keys in Front of Sold New Home Against a Blue Sky
សម្រួលដោយ ៖ រ៉ាវី
ភ្នំពេញ ៖ ស្របពេលដែលគេមើលឃើញថា កម្ពុជាកំពុងតែមានភាពរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ បានជម្រុញឱ្យមានការកើនឡើងនូវក្រុមហ៊ុនវិនិយោគ ភ្នាក់ងារអចលនទ្រព្យ ក៏ដូចជាអ្នកស្វែងរកកម្រៃជើងសារជាច្រើន ។ ប៉ុន្តែបើទោះជាអ្នកទាំងនោះបានសម្រេចចិត្តចេញមកប្រកបជាមួយអាជីពមួយនេះក៏ដោយ តែភាពជាក់ស្តែងត្រូវបានគត់សម្គាល់ឃើញថា ក្នុងចំណោមអ្នកទាំងនោះ គឺមានមួយចំនួនអាចសម្រេចបានភាពល្អប្រសើរ និងរីកចម្រើនទទួលបានប្រាក់ចំណេញពីការវិនិយោគ ដោយឡែកក៏មានមនុស្សមួយក្រុមទៀត ជួបភាពបរាជ័យលើការធ្វើជំនួយក្នុងវិស័យមួយនេះទៅវិញ ។ យ៉ាងណាក៏ដោយ ភាពបរាជ័យ និងភាពជោគជ័យទាំងនោះ ត្រូវបានគេលើកឡើងថា គឺមានការជាប់ព័ន្ធទៅនឹងចំណុចធំៗចំនួន3 ដែលវាជាគ្រឹះក្នុងការប្រកបជំនួញទិញ-លក់អចលនទ្រព្យ ។ ដូច្នេះ ដើម្បីឈរជើង និងរកស៊ីបានយូរនៅក្នុងវិស័យអចលនទ្រព្យ អ្នកត្រូវតែមានភាពឆ្លាតវៃបំផុតក្នុងការបង្កើតទំនាក់ទំនង និងចេះវាយតម្លៃទៅលើអចលនទ្រព្យ។ តើអ្នកគួរតែយល់ដឹងអ្វីខ្លះនៅក្នុងវិស័យអចលនទ្រព្យ?
Handshakes with customer after contract signature
-->
ស្វែងយល់ឱ្យបានច្បាស់ពីតម្លៃជាក់ស្ដែងក្នុងស្រុក ៖ នេះជាកិច្ចការដំបូងដែលអ្នកត្រូវដឹងតម្លៃអចលនទ្រព្យក្នុងពេលបច្ចុប្បន្ន នៅក្នុងតំបន់នីមួយៗក្នុងប្រទេសរបស់អ្នក ជាពិសេសគឺតំបន់កំពុងអភិវឌ្ឍន៍ និងតំបន់គ្រោងអភិវឌ្ឍន៍ នៅពេលដែលអ្នកដឹងពីតម្លៃអចលនទ្រព្យក្នុងតំបន់ណាមួយច្បាស់ នោះអ្នកនឹងងាយស្រួលក្នុងការលក់ ឬទិញ ដោយទទួលបានផលចំណេញច្រើន។ អ្នកត្រូវដឹងឱ្យច្បាស់ថា តម្លៃនៃអចលនទ្រព្យមួយនេះ វានឹងកើនតម្លៃនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតនៅពេលខាងមុខ ជាពិសេសត្រូវដឹងថា ហេតុអ្វីតំបន់នេះមានការអភិវឌ្ឍន៍ច្រើន ប៉ុន្តែតម្លៃនៃអចលនទ្រព្យមិនកើនឡើងសោះ?
សម្លឹងទៅតំបន់ជាយក្រុងដែលមានសក្ដានុពល ៖ ជាការពិតណាស់ នៅពេលការអភិវឌ្ឍន៍ក្នុងក្រុងកាន់តែតូចទៅៗ នោះក្រុមអ្នកវិនិយោគនឹងងាកទៅជាយក្រុងវិញម្ដង ដូច្នេះ អ្នកត្រូវដឹងថា បច្ចុប្បន្នតើការអភិវឌ្ឍន៍នៅក្នុងទីក្រុងដល់កម្រិតណាហើយ ហើយវានឹងជះឥទ្ធិពលទៅដល់ជាយក្រុងនៅពេលណា? នៅពេលដែលអ្នកដឹងថា តំបន់ជាយក្រុងណាមួយ នឹងក្លាយជាតំបន់អភិវឌ្ឍន៍នោះ នោះអ្នកនឹងមើលឃើញពីការរកស៊ី និងទទួលបានផលចំណេញពីការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យមួយនេះ។
តាមដានព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធ ៖ ត្រូវមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នឯកជន ឬ ស្ថាប័នរដ្ឋ ដើម្បីទទួលបានព័ត៌មាននានា លើវិស័យអចលនទ្រព្យ ព្រោះអ្នកនឹងដឹងថា តំបន់ណានឹងក្លាយជាតំបន់អភវិឌ្ឍន៍ តំបន់ណានឹងត្រូវរដ្ឋាភិបាលកាត់ធ្វើជារបស់រដ្ឋ។ មួយទៀត ការមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នរដ្ឋ អ្នកក៏អាចនឹងទទួលបានផលចំណេញច្រើន ព្រោះនៅពេលមានក្រុមវិនិយោគមក គេអាចនឹងរុញច្រានគម្រោងណាមួយឱ្យមកអ្នកក៏ថាបានដែរ ។
ដូច្នេះ សម្រាប់លោកអ្នកដែលចង់ធ្វើការវិនិយោគ ឬធ្វើជំនួញក្នុងវិស័យអចនទ្រព្យគម្បីធ្វើការសិក្សាលម្អិតទៅលើចំណុចគ្រឹះទាំង3ខាងលើនេះ ៕