ដោយ : រ៉ាវី
ភ្នំពេញ : ការិយាល័យពាណិជ្ជកម្មខេត្តតាមជាយដែនភាគខាងត្បូងនៃប្រទេសថៃ រួមមានខេត្តស៊ង់ខ្លា យ៉ាឡា ប៉ាត់តានី ណារ៉ាធិវ៉ាត និងខេត្តសាទូន បានរៀបចំប្រារពកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មនិងលក់ផលិផលចេញពីក្រុមហ៊ុនផលិតករនៃ ៥ ខេត្តតាមជាយដែនភាគខាងត្បូងនៃប្រទេសថៃ ដែលកម្មវិធីនេះត្រូវបានប្រសិទ្ធិនាមថា “SOUTHERN THAILAND BEST PRODUCT @ Phnom Penh” ដោយចាប់ផ្ដើមពីថ្ងៃទី 27-30 ខែកញ្ញា ឆ្នាំ 2018 នៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកម្មវិធីនេះមានការតាំងពិព័រណ៍ពាណិជ្ជកម្ម និងលក់ផលិផលដោយផលិតករជាង ៥០ ស្តង់ ដោយមានលក់ផលិតផលក្នុងតម្លៃពិសេស មានដូចជា សម្លៀកបំពាក់ គ្រឿងអលង្ការ ផលិតផលចំណីអាហារ និងផលិតផលសិប្បកម្មមានដូចជា ស្បែកជើងសាញននោងដើម្បីសុខភាព ខ្នើយដើមកៅស៊ូ សាប៊ូសំបកមង្ឃុត និងគ្រឿងអលង្ការដែលផលិតចេញពីស្រការត្រីជាដើម។ លើសពីនេះជារៀងរាល់ថ្ងៃនិងមានកម្មវិធីផ្ដល់ភាពសប្បាយរីករាយជូនដល់បងប្អូនប្រិយមិត្តដែលមកចូលរួមផងដែរ ដូចជាការផ្សងសំណាង ចែករង្វាន់ផ្សេងៗ រួមជាមួយនឹងការសម្ដែងសិល្បៈវប្បធម៌ថៃភាគខាងត្បូងដែលល្អមើលប្លែកភ្នែកផងដែរ។








