ដោយៈសុខុម
បាងកក: ក្រុមហ៊ុន PTT Exploration and Production Pcl (PTTEP) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនប្រេងដ៏ធំរបស់ថៃ PTT បាននិយាយកាលពីថ្ងៃច័ន្ទ ទី១៤ មីនា ថា ខ្លួននឹងចូលកាន់កាប់ការដ្ឋានបូម ហ្គាស Yadana ក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់ពីខែកក្កដា ឆ្នាំនេះតទៅ បន្ទាប់ពីការចាកចេញរបស់ក្រុមហ៊ុនបារាំង TotalEnergies។

-->
ក្រុមហ៊ុនផលិតប្រេងធំៗ ដូចជា ក្រុមហ៊ុនអាមេរិក Chevron និងក្រុមហ៊ុនបារាំង TotalEnergies ជាដើមបានដកខ្លួនចេញ ពីប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា ដើមឆ្នាំនេះ នៅពេលស្ថានភាពមនុស្សធម៌ កាន់តែដុនដាបទៅៗ បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំ២០២១។
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីកងទ័ពបានផ្តួលរំលំរដ្ឋាភិបាល ជាប់ឆ្នោតក្នុងខែកុម្ភៈ ឆ្នាំ២០២១ ហើយបានប្រើប្រាស់កម្លាំងហួសហេតុ ដើម្បីបង្ក្រាបទៅលើបាតុករ ដែលតវ៉ាប្រឆាំងនឹងការកាន់អំណាចរបស់ខ្លួន។
អ្នកប្រឆាំងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ហើយយោធាដែលកំពុងប្រឈមមុខនឹងការតស៊ូប្រយុទ្ធពី សំណាក់កងជីវពល ទទួលរងការចោទប្រកាន់ថាបានបាញ់គ្រាបផ្លោង និងធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ស៊ីវិលរស់នៅ។ ជាការឆ្លើយតប របបយោធាមីយ៉ាន់ម៉ា និយាយថា អ្វីដែលខ្លួនកំពុងធ្វើគឺដើម្បីប្រយុទ្ធប្រឆាំង “ភេរវករ” ប៉ុណ្ណោះ។
ក្រុមហ៊ុន PTTEP និយាយថា ខ្លួនឱ្យតម្លៃជាសំខាន់លើ “ការទប់ស្កាត់ការរាំងស្ទះនូវតម្រូវការថាមពល” ដោយចាត់ទុកការដ្ឋានបូមហ្គាស Yadana ថាជា “ប្រភពសំខាន់ នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដែលជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ទាំងក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ”។
បច្ចុប្បន្នក្រុមហ៊ុន TotalEnergies កាន់កាប់ភាគហ៊ុន៣១%នៅការដ្ឋាននេះ។

ដំណើរការផ្លាស់ប្ដូរផ្ទេរផ្ទូរនេះ នឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២០ ខែកក្កដា បន្ទាប់ពីនោះក្រុមហ៊ុន PTTEP និយាយថា ខ្លួននឹងកាន់កាប់ភាគហ៊ុន៣៧,១% ក្រុមហ៊ុនរដ្ឋរបស់មីយ៉ាន់ម៉ា Myanma Oil and Gas Enterprise កាន់កាប់២១,៨% ចំណែកឯបុត្រសម្ព័ន្ធមួយ នៃក្រុមហ៊ុន Chevron នឹងកាន់កាប់៤១,១%៕ Reuters៕