ដោយ៖ សុផារី
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅល្ងាចថ្ងៃទី១៥មិនានេះ នឹងជួបសំណេះសំណាលជាមួយមេបញ្ជាការ និងនាវិកនៃនាវាការពារជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង នឹងចូលចតនៅកំពង់ផែពហុបំណង ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។

នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ នាវាការពារជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង នឹងចូលចតនៅកំពង់ផែពហុបំណង ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។ នាវាការពារជើងទឹករបស់ជប៉ុនទាំងពីរគ្រឿង នឹងសំចតនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា។
-->
នាវាស្វ័យការពារជើងទឹកជប៉ុន ដែលចូលមកសំចតនៅកម្ពុជានេះរួមមាន នាវាដែលមានឈ្មោះថា JS URAGA និង JS HIRADO។

ស្ថានទូតជប៉ុននៅកម្ពុជា បានគូសបញ្ជាក់ថា ការមកដល់នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ដើម្បីអបអរខួបលើកទី៣០ នៃការបញ្ជូនកងរក្សាសន្តិភាពរបស់ប្រទេសជប៉ុន មកបំពេញបេសកកម្មនៅកម្ពុជា។ ការបញ្ជូនកងរក្សាសន្តិភាពរបស់ជប៉ុននាពេលនោះ គឺជាការបញ្ជូនចេញក្រៅប្រទេសជាលើកដំបូងរបស់ជប៉ុន។
ស្ថានទូតជប៉ុនបានបង្ហាញក្តីសង្ឃឹមថា តាមរយៈខួបនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកាន់កម្ពុជានេះ កម្ពុជា និងជប៉ុន នឹងបន្តអភិវឌ្ឍនូវទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងប្រទេសទាំងពីរ។

វត្តមាននាវាស្វ័យការពារជើងទឹកជប៉ុន និងនាវិក នៅកំពង់ផែពហុបំណង ខេត្តព្រះសីហនុ នឹងមានកម្មវិធីមួយចំនួននឹងត្រូវធ្វើឡើងមាន ដូចជាពិព័រណ៍ពិសេសលើនាវា JS URAGA និងការសម្តែងលំហាត់សុច្ឆន្ទៈកម្លាំងនាវិកស្វ័យការពារជើងទឹកជប៉ុន ដោយមានការពន្យល់អំពីឧបករណ៍បោសសម្អាតមីន ពិព័រណ៍មុជទឹកដោយអ្នកមុជទឹកកម្ចាត់អាវុធជាតិផ្ទុះ និងការតាំងពិព័រណ៍ប្រព័ន្ធកម្ចាត់មីនជាដើម។

នាវាទាំងពីរគ្រឿងនេះ ដឹកនាំបញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការកងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕