ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : មន្រ្តីជំនាញក្រសួងសាធារណៈការនិងដឹកជញ្ជូនបានថ្លែងថា គំរោងសាងសង់ខ្សែរថភ្លើងល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តកំពតតម្លៃ៥០លានដុល្លាររបស់អភិបាលខេត្តកំពតមិនអាចទៅរួចឡើយ។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១ តុលានេះថា គំរោងនេះមិនអាចទៅរួចឡើយ ព្រោះផ្លូវរថភ្លើងធម្មតាមួយគីឡូម៉ែត្រត្រូវចំណាយ៥លានដុល្លារ តែផ្លូវរថភ្លើងល្បឿនលឿនចំណាយរហូតដល់៧លានដុល្លារក្នុងមួយគីឡូម៉ែត្រ នេះមិនទាន់គិតពីតម្លៃនៃទូររថភ្លើងនៅឡើយទេ។ លោកបន្តថា “តាមអ្វីដែលខ្ញុំដឹងគឺថ្នាក់ខេត្ត មិនមានសមត្ថកិច្ចសម្រេចកិច្ចការដ៏ធំបែបនេះទេ”។
កាលពីសប្តាហ៍មុនក្នុងកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ឋក្នុងខេត្តលោកជាវ តាយអភិបាលខេត្តកំពតបានលើកឡើងថា អាជ្ញាធរខេត្តគ្រោងវិនិយោគទឹកប្រាក់៥០លានដុល្លារ ដើម្បីសាងសង់រថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត និងព្រលានយន្តហោះផងដែរ។ លោកបានមានប្រសាសន៍ថា រថភ្លើងល្បឿនលឿននេះអាចធ្វើឲ្យការធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តកំពតចំណាយពេល១ម៉ោងប៉ុណ្ណោះ។ លោកបន្តថា គំរោងនេះអាចអនុញ្ញាត្តឲ្យសាធារណៈជនវិនិយោគក្នុងមួយហ៊ុន៥ម៉ឺនដុល្លារ ដោយលោកគ្រោងបង្កើតមូលនិធិនេះ ដែលមានចំនួន១០០០ហ៊ុន ហើយលោកបានសម្រេចបោះទុន នាំមុខចំនួន៥លានដុល្លារអាមេរិក។ លោកអភិបាលខេត្តបានអះអាងថា លោកនឹងពិភាក្សាបញ្ហានេះជាមួយលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន។
ផ្លូវជាតិលេខ៣ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពតមានប្រវែង១៤៨គីឡូម៉ែត្រ ហេតុនេះបើសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលចំណាយទឹកប្រាក់៧លានដុល្លារក្នុងមួយគីឡូម៉ែត្រត្រូវចំណាយរហូតដល់១០៣៦លានដុល្លារអាមេរិក។ នេះមិនទាន់គិតបញ្ចូលថ្លៃទូរថភ្លើងទំនើបនៅឡើយទេ។ ហេតុនេះគម្រោងនេះវាគ្រាន់តែជាការស្រមើស្រម័យរបស់អភិបាលខេត្តរូបនេះប៉ុណ្ណោះ។ លោក វ៉ាស៊ីម សូរិយា បានថ្លែងថា គម្រោងដ៏ធំបែបនេះ ត្រូវការអនុម័តពីរដ្ឋាភិបាល មិនអាចខេត្តធ្វើបានឡើយ ហើយគំរោងបែបនេះត្រូវការរយៈពេលវែងតទៅទៀត៕