លោក ជា ចាន់តូ ៖ ទ្រព្យសកម្មក្នុងវិស័យធនាគារមានចំនួន១៦០% នៃ ផ.ស.ស

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបាននិយាយថា នៅក្នុងឆ្នាំ២០១៨នេះ ទ្រព្យសកម្មក្នុងវិស័យធនាគារមានកំនើនដល់១៦០ភាគរយ នៃផលទុនជាតិ​សរុប​(ផសស)។

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាលោកជា ចាន់តូបានមានប្រសាសន៍​ឲ្យដឹងក្នុង​វេទិកាស្តីពីអាជីពការងារក្នុងវិស័យធនាគារ និងធានារ៉ាប់រងដែលរៀបចំធ្វើឡើងដោ​យ​វិទ្យាស្ថានខេមអេដកាលពីចុងសប្តាហ៍មុនថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៨នេះ  ទ្រព្យសកម្មវិស័យធនាគារ មានទំហំប្រមាណ១៦០ភាគរយនៃផ.ស.ស ក្នុងនោះ​ឥណទាន​ក្នុងវិស័យឯកជនមានកម្រិត១០០ភាគរយនៃផ.ស.ស និងមានប្រាក់បញ្ញើ​កម្រិត៩៣ភាគរយ នៃផ.ស.ស ផងដែរ ។ បើប្រៀបធៀបក្នុងរយៈពេល១៥ឆ្នាំមុន ទ្រព្យសកម្មវិស័យធនាគារបានកើនឡើង៤៤ដង។ ចំណែកឥណទានកើន​ឡើង៨៧​ដង និងប្រាក់បញ្ញើរកើនឡើង៤២ដង។ ដោយឡែកទុនបម្រុងអន្តរជាតិវិញបានបន្ត​ពូនជ្រំជាលំដាប់ ដែលបច្ចុប្បន្នអាចធានាការនាំចូលទំនិញ និងសេវាបានប្រមាណរយៈ​ពេល៦ខែ ស្មើនឹង២ដងនៃកម្រិតប្រទេស ដែលកំពុងអភិវឌ្ឍន៍គួរមានដល់៣ខែ។

លោកបន្តថា “សមិទ្ឋិផលទាំងអស់នេះ បានកើតឡើងពីការស្តារ កសាងអភិវឌ្ឍន៍ និងការកែទម្រង់សេដ្ឋកិច្ចជាបន្តបន្ទាប់ ដោយរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ និងការអនុវត្តន៍គោលនយោបាយ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយប្រសិទ្ធភាព ដែលបានធ្វើឲ្យវិស័យហិរញ្ញវត្ថុរីក​ចម្រើនយ៉ាងឆាប់រហ័សផងដែរ”។ លោកបន្តថា “បច្ចុប្បន្នវិស័យធនាគារ ក៏ដូចជា​ហិរញ្ញវត្ថុមិនមែនធនាគាររួមមាន វិស័យមូលប័ត្រ វិស័យធានារ៉ាប់រង និងសោធន បាន​ចូល​រួមចំណែកផ្តល់សេវាហិរញ្ញវត្ថុ បានពង្រីកភាពជឿជាក់ និងភាពច្បាស់លាស់​ចំពោះ​អនាគតប្រជាជន ដែលជាមូលដ្ឋានគ្រឹះ ក្នុងការពង្រីកសិទ្ធិសេរីភាព និង​លទ្ធប្រជាធិបតេយ្យនៅកម្ពុជាពិតប្រាកដ”។

នៅក្នុងពីរទសវត្សរ៍ចុងក្រោយនេះ វិស័យធនាគារទទួលបានវឌ្ឍនភាព​គួរឲ្យកត់​សម្គាល់ បន្ទាប់ពីមានការកែទម្រង់វិស័យធនាគារអំឡុងឆ្នាំ១៩៩៩-២០០០ ព្រមទាំង​បាន​អនុវត្តន៍តាមផែនការអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល ក្នុងនោះចាប់​ពីឆ្នាំ២០០១មក ការអភិវឌ្ឍន៍វិស័យធនាគារមានការរីកចម្រើនមកដល់បច្ចុប្បន្ន។

លោកឆារស៍ វ៉ាន់ប្រធានស្តីទីសមាគមធនាគារកម្ពុជាបានថ្លែងថា ប្រព័ន្ឋធនាគារនៅ​កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សំគាល់ ទាំងកំនើននៃការដាក់ប្រាក់បញ្ញើរ កំនើននៃការផ្តល់ឥណទាន ដែលស្ថិតក្នុងលក្ខខ័ណ្ឌល្អប្រសើរ និងអាចគ្រប់គ្រងបាន។លោក​បន្តថា សុខភាពក្នុងប្រព័ន្ឋធនាគារមានភាពល្អប្រសើរ ទោះជាការប្រកួតប្រជែង​កើនឡើង ប៉ុន្តែធនាគារនានាបានបំពេញការងារ ក្នុងលក្ខខ័ណ្ឌប្រកបដោយ​ក្រមសីលធ៌ម។ លោកបន្តថា “ធនាគារបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ព្រោះសេដ្ឋកិច្ចត្រូវការសាច់ប្រាក់ ដើម្បីបង្កើន​សកម្មភាពផលិតភាព ហើយធនាគារជាអ្នកបំពេញនូវមូលធនទាំងនោះ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here