ដោយ ៖ ស៊ីវ ម៉េង
ភ្នំពេញ ៖ ទីបំផុតគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក Thai Bunrong Twin Towerk កំពស់ ៥៦១ម៉ែត្រ និងអង់តែនកំពស់២៨ម៉ែត្របានបញ្ចេញវីដេអូរបស់ខ្លួនហើយ ខណៈការដ្ឋានសាងសង់អាគារនេះបានចាប់ផ្តើមបណ្តើរៗហើយ។
តាមរយៈវត្តមានអាគារកំពស់១៣៣ជាន់ ស្មើនឹង៥៦១ម៉ែត្រ វានឹងជាគំរោងអាគារខ្ពស់ជាងគេមិនត្រឹមក្នុងកម្រិតអាស៊ាននោះទេ ប៉ុន្តែវាជាអាគារភ្លោះខ្ពស់ជាងគេនៅលើពិ ភពលោកផងដែរ។ អាគារនេះនឹងមានទំហំសរុប១,៥២លានម៉ែត្រការ៉េ ដែលរួមមានផ្សារទំនើប ការិយាល័យ សណ្ឋាគារកម្រិតផ្កាយ៥ អាផាតម៉ិនយ៉ាងប្រណីត ផ្សារភាគហ៊ុនក្លឹបកីឡាជាដើម។
អាគារមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការកំសាន្តលំដាប់ពិភពលោកនេះ មានរានហាលចំនួន១០ជាន់ ដោយចាប់ពីជាន់ទី១ដល់ជាន់ទី១០ជាទីតាំងផ្សារទំនើប ដែលមានទំហំ១៦៣,០០០ម៉ែត្រការ៉េ ដែលបានរចនាតាមរចនាបទពីអឺរ៉ុប ដែលមានភ្លើងភ្លឺចិញ្ចាច។ ជាន់ទី៥ដល់ជាន់ទី១០ ក៏មានកន្លែងលក់ទំនិញដែលមានទំហំ២១៥០០០ម៉ែត្រការ៉េផងដែរ។
រានហាលចំនួន៦ជាន់ ដែលរួមមានក្លឹបផ្កាយ៦ ដែលមានហាងអាហារ ស្បា និងផលិតផលដែលមានហាងនិងផលិតផលល្បីៗ អាងហែលទឹក ក្លឹប មានសួនច្បារជាដើមនៅតាមរានហាលដ៏ទំនើប។
ចាប់ពីជាន់ទី១២ឡើងទៅ គឺមានលំនៅដ្ឋានចំនួន៥៥ជាន់ ដែលមានទំហំ២៥០,០០០ម៉ែត្រការ៉េ ដែលលំនៅដ្ឋាននិមួយៗ មានទំហំចាប់ពី ៦០ដល់ ២៦៨ម៉ែត្រការ៉េមានចំនួន៨០០យូនីត ដែលបានរចនាយ៉ាងពិសេស សម្រាប់អភិជននិងឥស្សរជនលំដាប់ខ្ពស់ជាដើម។
Propertyarea.asiaនឹងផ្សាយជូនលំអិតនៃគំរោងដ៏អស្ចារ្យនេះថាមានអ្វីខ្លះ និងប្រើប្រាស់សម្រាប់អ្វីខ្លះសម្រាប់ជាន់និមួយៗ៕