ដោយ ៖ ដែន ចែងចាំង
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្តបានថ្លែងថា សហគ្រិនកម្ពុជាទាំងអស់ មានកាលានុវត្តន៍ភាពធ្វើអាជីវកម្មបានរីកចម្រើន ក៏ដោយសារគោលនយោបាយសេដ្ឋកិច្ច មានលក្ខណៈបើកទូលាយសេរី មិនមានការរឹតត្បិត ហើយដែលសំខាន់គឺ ប្រទេសជាតិមានសុខសន្តិភាព។
លោកជំទាវកិតិ្តសង្គហបណ្ឌិតបានមានប្រសាសន៍ក្នុងពិធីបើកសម្ពោធហាងកាហ្វេអ៊ីនថៈនីន ដែលមានមូលដ្ឋាននៅប្រទេសថៃនាព្រឹកថ្ងៃទី១ តុលានេះថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា តាមរយៈយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៤ មានចែងច្បាស់ពីការលើកស្ទួយវិស័យឯកជន រួមទំាងការគំាពារសហគ្រាសធុនតូចនិងមធ្យម និងចាត់ទុកជាសរសរទ្រូងមួយ នៃការជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ ជាពិសេសបើប្រទេសជាតិមានសន្តិភាព ប្រជាជនមានឱកាសសិក្សារៀនសូត្រ បង្កើននូវជំនាញថ្មីៗ ហើយមានឱកាសប្រើប្រាស់ជំនាញនោះ ក្នុងមុខរបរអាជីកម្មរបស់ខ្លួនផងដែរ។ ដូច្នេះកត្តាសន្តិភាពគឺជាកត្តាសំខាន់បំផុត។
លោកជំទាវបានបន្តថា “ស្មារតីសហគ្រិនភាពរបស់កម្ពុជា ដែលកំពុងមានសន្ទុះកើនឡើង និងមានគុណភាពមិនចាញ់បរទេសឡើយ។ ជាក់ស្តែងថ្ងៃនេះ លោកជំទាវ យក់ សម្បត្តិ ដែលបើកសម្ពោធ ហាងកាហ្វេអ៊ីនថះនីន និងសាឡន នេះឡើង ពិតជាបង្ហាញឱ្យឃើញពីភាពល្បីល្បាញរបស់សហគ្រិនកម្ពុជា”។ លោកជំទាវបន្តថា “ការបើកសហគ្រាសថ្មីនេះ ក៏ជាការរួមចំណែកមួយក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ច តាមរយៈការបង់ពន្ឋ និងបង្កើតការងារដល់សិស្ស និងនិស្សិត ដែលបានបញ្ចប់ការសិក្សា ឬកំពុងសិក្សាក្នុងការ រកចំណូលចិញ្ចឹមជីវិតឬរកចំណូលបន្ថែមសំរាប់រៀនសូត្របន្ត”។
លោកស្រី Jiranun Wongmongkol ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន RCG Retail (Cambodia) ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូលកាហ្វេម៉ាក អ៊ីនថៈនីន បានមានប្រសាសន៍ថា ទីផ្សារកាហ្វេនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើន ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែកាហ្វេបានក្លាយទៅជាជម្រើស ភេសជ្ជៈមួយដ៏ពេញនិយម ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ជាពិសេសយុវវ័យ។ ការសម្រេចចិត្តរបស់យើងក្នុងការបើកហាងកាហ្វេនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីបានដឹងយ៉ាងច្បាស់ ពីសក្តានុពល លក្ខណៈពិសេសប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់កាហ្វេនេះ ដែលមានភាពពេញនិយមខ្លាំងនៅក្នុងប្រទេសថៃ។ ពេលយើងបើកសាខានៅក្នុងប្រទេសម្ពុជា ទាំងនៅខេត្តសៀមរាបក្តី ទាំងនៅទីក្រុងភ្នំពេញក្តី យើងឃើញថា ប្រជាជនកម្ពុជាយ៉ាងច្រើន ក៏និយមពិសាកាហ្វេ អ៊ីនថៈនីន នេះផងដែរ៕