ដោយ: ម៉ាលីស
ភ្នំពេញ: សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥ តម្លៃជិត៧ម៉ឺនដុល្លាអាមេរិក ដែលទទួលបានការឧបត្ថម្ភពីស្ថានទូតចិនប្រចាំនៅកម្ពុជា ត្រូវបានបើកសម្ភោធឱ្យដំណើរការជាផ្លូវការ ដើម្បីបម្រើជាកន្លែងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់ស្ទឹងមានជ័យ។
សួននេះបានស្ថាបនាឡើង ក្រោមការជួយឧបត្ថម្ភពីស្ថានទូតចិនប្រចាំនៅកម្ពុជានិងត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ឆាង ជាន អគ្គទីប្រឹក្សានៃស្ថានទូតចិន។
លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា សួនសហគមន៍កុមារមេត្រីឬសួនលូ៥ មានទីតាំងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ មានផ្ទៃដីសរុប២៧៧៥ម៉ែត្រក្រឡា មានបណ្តោយប្រវែង២២៩ម៉ែត្រ ទទឹង១០ម៉ែត្រ និងទទឹងប្រឡាយទឹកក្រោមដី៥ម៉ែត្រ។
កាលពីមុនសួនលូ៥នេះគឺជាប្រឡាយទឹកស្អុយបើកចំហ ដែលមានគម្របបេតុងនិងក្រាលក្បឿងពីលើ ហើយសួននេះជាទីតាំងសំខាន់មួយក្នុងតំបន់ស្ទឹងមានជ័យ ដែលអ្នករស់នៅអាចដើរហាត់ប្រាណនិងក្មេងលេងកម្សាន្តបាន។
សួននេះសាងសង់ដោយប្រើប្រាស់រយៈពេល០៦ខែ ដោយចាប់ផ្តើមពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ចំណាយថវិកាសរុប៦៧,៤៩៧ដុល្លារ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានដាក់បំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណអស់ថវិកាចំនួន៦,០០០ដុល្លារ សរុបថវិកាចំណាយទាំងអស់ចំនួន៧៥,៤៩៧ដុល្លារ។
លោកនួន ផារ័ត្ន បានលើកឡើងថា សួនសហគមន៍កុមារមេត្រី នេះមិនត្រឹមតែលើកសោភណភាពក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាជាកន្លែងមួយផ្ដល់ឱ្យប្រជាពលរដ្ឋនៅតំបន់នេះបានហាត់ប្រាណដើម្បីសុខភាព។
លោក ឆាង ជាន ក៏បានលើកឡើងផងដែរថា ការស្ថាបនាសួនសហគមន៍កុមារមេត្រីមិនត្រឹមតែបានឱ្យក្មេងៗបានលេងប៉ុណ្ណោះទេ តែក៏បានលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាត ហើយវាក៏ជាកន្លែងសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ៕