ដោយៈជេស៊ីកា
ភ្នំពេញៈ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសបង្កើនការហោះហើរឡើងវិញរវាងកម្ពុជា និងចិន បន្ទាប់ពីត្រូវបានធ្លាក់ចុះ ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩។
ការប្រកាសរបស់លោកប្រធានាធិបតីចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ។
ជើងហោះហើររវាងកម្ពុជា និងចិន បានធ្លាក់ចុះ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩។ ជាពិសេសការអនុវត្ត នូវវិធានការទប់ស្កាត់ការរាតត្បាតមេរោគកូវីដ១៩ ពីសំណាក់រដ្ឋាភិបាលចិន។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ, លោកប្រធានាធិបតីចិន បានប្រកាសជំរុញការហោះហើរនេះឡើងវិញ។
យោងតាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍តែ៥ប៉ុណ្ណោះ កំពុងហោះហើររវាងកម្ពុជា និងចិន។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុនចំនួន៣ និងក្រុមហ៊ុនចិនចំនួន២។
របាយការណ៍ដដែលបានឲ្យដឹងថា មុនពេលមានវិបត្តិជំងឺកូវីដ១៩ កម្ពុជាមានក្រុមហ៊ុនអាកាសចរចំនួន៦ ហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសទៅកាន់ទីក្រុងសំខាន់ៗ ចំនួន៣៤របស់ចិន ដោយមានជើងហោះហើរសរុបចំនួន២២០លើក ក្នុងមួយសប្តាហ៍។
ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ចិន ដែលហោះហើរចេញចូលកម្ពុជា មុនការរាតត្បាតជំងឺកូវីដ១៩ មានចំនួនរហូតដល់ទៅ១៦ក្រុមហ៊ុន ដោយបានហោះហើរដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាសមកពី១៨ទីក្រុងសំខាន់ៗរបស់ចិន។ក្នុងមួយសប្តាហ៍ មានជើងហោះហើរសរុប១៩៥លើក។
បើសិនជាមានការបង្កើនជើងហោះហើរឡើងវិញ ដូចការប្រកាសរបស់លោកប្រធានាធិបតីចិន គេរំពឹងថា កម្ពុជា នឹងទទួលបានអ្នកដំណើរពីប្រទេសចិន កាន់តែច្រើនឡើងវិញ ដែលជាការរួមចំណែកដ៏សំខាន់សម្រាប់ដង្ហើមវិស័យទេសចរណ៍របស់កម្ពុជា៕