រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន / លោក យន់ មីន ប្រធានគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត និងជាអភិបាលខេត្តព្រះសីហនុ
ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានដាក់កំហិតឲ្យលោក យន់ មីន ប្រធានគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត និងជាអភិបាលខេត្តព្រះសីហនុ ព្រមកទាំងថា្នក់ដឹកនាំមខេត្តព្រះសីហនុទាំងអស់ ត្រូវខិតខំបន្ថែមទៀតក្នុងការគ្រប់គ្រងកាកសំណល់រាវក្នុងក្រុង ពិសេសចំពោះមុខត្រូវខិតខំទប់ស្កាត់ឱ្យបាន នូវទឹកកខ្វក់មិនឱ្យហូរចូលសមុទ្រ។
លោក ថោង ខុន ក៏បានស្នើឱ្យរដ្ឋបាលក្រុងជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ ត្រូវយកចិត្តទុកដាក់បន្ថែមក្នុងការបំពេញការងារ និងបន្ថែមឧបករណ៍ មធ្យោបាយ សម្ភារៈចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការប្រមូលសំរាម និងកាកសំណល់ក្នុងក្រុង ពិសេសត្រូវពង្រាយធុងដាក់សំរាមនៅគ្រប់ផ្ទះប្រជាពលរដ្ឋ ត្រូវមានដេប៉ូសំរាម និងពង្រីកមធ្យោបាយដឹកជញ្ជូនសំរាមទាំងនោះឱ្យបានជាប់ជាប្រចាំ ព្រមជាមួយការយកចិត្តទុកដាក់ ជំរុញការជួលជុលផ្លូវទៅកាន់កន្លែងចាក់សំរាម ឱ្យបានឆាប់រហ័ស សំដៅធ្វើឱ្យទីក្រុងព្រះសីហនុទាំងមូល ក្លាយជាទីក្រុងស្អាតគ្មានសំរាម។
-->
ត្រូវខិតខំទប់ស្កាត់សំណង់អនាធិបតេយ្យ និងគ្រប់គ្រងការដ្ឋានសាងសង់ឱ្យបានល្អ ពិសេសការដឹកជញ្ជូនបញ្ចេញកាកសំណល់ សាងសង់ឱ្យបានទាន់ពេលវេលា។ ត្រូវរាយការណ៍ជូនក្រសួងជំនាញ ដើម្បីសុំជួយជួសជុលផ្លូវក្នុងក្រុងអោយបានរហ័ស ក្រោយរដូវភ្លៀវនេះ។ ខាងផ្នែកទេសចរណ៍ ត្រូវខិតខំសហការគ្នាជាមួយក្រុង និងគណកម្មាធិការគ្រប់គ្រងឆ្នេរ ធ្វើការគ្រប់គ្រងឆ្នេរឲ្យបានល្អខិតខំសម្អាត និងគ្រប់គ្រងឆ្នេរខ្សាច់ថ្មីៗ ដើម្បីឱ្យប្រជាជនបានកម្សាន្ត។ ត្រូវគ្រប់គ្រងផ្តល់អាជ្ញាបណ្ណទេសចរណ៍ ឱ្យបានគ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវខិតខំបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបនឹងសំណូមពរការងារ។ អាជ្ញារធរខេត្ត ក្រុង និងមន្ទីរជំនាញត្រូវខិតខំគ្រប់គ្រងការដាក់ស្លាកសញ្ញាអាជីវកម្មឱ្យបានល្អតាមការណែនាំរបស់ក្រសួងជំនាញ។រដ្ឋមន្ត្រីបញ្ជាក់ឲ្យដឹង។
លោករដ្ឋមន្ត្រីបន្តថា ថ្វីដ្បិតគណៈកម្មការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តជួបប្រទះនូវបញ្ហាខ្វះខាតមួយចំនួន ដូចជាធនធានមនុស្ស សម្ភារៈប្រើប្រាស់ ក៏ដូចជាថវិកាក៏ពិតមែន ប៉ុន្តែសមាជិកនៃគណៈកម្មការអភិវឌ្ឍន៍វិស័យទេសចរណ៍ ត្រូវខិតខំអនុវត្តការងារជំនាញដែលក្រសួងបានដាក់ចុះ ពិសេសនៅពេលសង្កេតឃើញមានបញ្ហាមិនប្រក្រតី ត្រូវរាយការណ៍ទៅកាន់ក្រសួងជំនាញ ដើម្បីធ្វើការណែនាំឱ្យបានទាន់ពេលវេលា ពីព្រោះការរាយការណ៍ពីព័ត៌មានជារឿងដ៏ចាំបាច់បំផុត ដើម្បីក្រសួង-ស្ថាប័នជំនាញ មានផែនការជួយដោះស្រាយទាន់ពេលវេលា ព្រោះខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពហុបំណងមួយដ៏សំខាន់នោះ មានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងក្លាយជាគោលដៅទេសចរណ៍ស្អាត និងបៃតង ដើម្បីទទួលបានអ្នកវិនិយោគ និងទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើន។
លោកអភិបាលយន្ត មីន បានលើកឡើងថា អជ្ញាធរខេត្តតែងតែយកចិត្តទុកដាក់គ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហាអនាម័យ បរិស្ថាន សំរាម កាកសំណល់រាវ ដីធ្លី សំណង់ ការគ្រប់គ្រងអាជីវកម្មទេសចរណ៍ជាដើម ដែលសម្រេចបានលទ្ធផលនាពេលកន្លងមក ហើយក៏នៅមានបញ្ហាប្រឈមនានា ក្នុងខេត្តព្រះសីហនុផងដែរ ដើម្បីរួមគ្នាពិភាក្សារិះរកវិធីសាស្ត្រដោះស្រាយឱ្យបានល្អ ប្រកបដោយប្រសិទ្ធភាពជាបន្ត៕