រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថា កម្ពុជា​គឺជា​ប្រទេស​បើកចំហរ​ល្អ​ជាងគេ​ក្នុង​តំបន់

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​អះអាងថា កម្ពុជា គឺជា​ប្រទេស​បើកចំហរ​សេដ្ឋកិច្ច ជាមួយ​គោលនយោបាយ​គាំពារ​វិនិយោគ​ល្អ​ជាងគេ​នៅក្នុង​តំបន់ ជាពិសេស​គ្មាន​ការរើសអើង ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ហើយ​វិនិយោគិន​បរទេស មាន​សិទ្ធិ​កាន់កាប់​ភាគហ៊ុន​បាន​ទាំងស្រុង និង​អាច​ប្រមូលប្រាក់​ចំណេញ​ពី​ការធ្វើ​ធុរកិច្ច​បាន១០០ភាគរយ។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ដើម្បី​ផ្សព្វផ្សាយ​ឱកាស​វិនិយោគ ជូន​ប្រតិភូ​ធុរជន​នៃ​បណ្តា​ប្រទេស​អាស៊ាន និង​អាមេរិក​មកពី​ក្រុមហ៊ុនធំៗចំនួន១០ ដឹកនាំ​ដោយ​លោក Michael W. Michalak អនុប្រធាន​ជាន់ខ្ពស់ និង​ជានា​យក​ប្រចាំ​តំបន់​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អាមេរិក កាលពី​រសៀល​ថ្ងៃទី២ ខែតុលា ម្សិលមិញ​នេះ លោក ប៉ាន សូរ​ស័ក្តិ​បាន​ពន្យល់​ប្រតិភូ​ធុរជន​អាស៊ាន-អាមេរិក អំពី​គោលដៅ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំ​ណា ក់​កាល​ទី៤ ដែល​ផ្តោត​សំខាន់​លើ​ការកែទម្រង់ ដើម្បី​ធានា​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ដោ យ​សមធម៌ និង​វឌ្ឍនភាព​នៃ​ការរៀបចំ​សេចក្តីព្រាងច្បាប់ E-Commerce ដែល​បច្ចុប្បន្នកំពុង​ត្រូវបាន​ពិនិត្យ និង​កែសម្រួល​ចុងក្រោយ ដោយ​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ឱ្យមាន​សង្គតិភាព (ចំណុច​ស្រប) ជាមួយ​ច្បាប់​ដ៏ទៃទៀត​របស់​កម្ពុជា។

លោក​រដ្ឋមន្ត្រី​បានលើកឡើង​ពី​ឧត្តមភាព​របស់​កម្ពុជា ដូចជា​លក្ខណៈពិសេស​នៃ​ទីតាំង​ភូមិសាស្ត្រ (បេះដូង​នៃ​អាស៊ាន) គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម កម្លាំង​ពលកម្ម​វ័យក្មេង តំបន់​សេដ្ឋកិច្ច​ពិសេស និង​គម្រោង Plus One ដែល​ផ្តល់​ភាពបត់បែន​ខ្ពស់​ដល់​វិនិយោគិន ក្នុងការ​ប្រើប្រាស់​ទឹកដី​កម្ពុជា ធ្វើជា​មូលដ្ឋាន​ផលិតកម្ម ដើម្បី​នាំចេញ​ទី​កាន់​ទីផ្សារ​អន្តរជាតិ នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធផ្សេងៗ ផ្តល់​ប្រទេស​ជា​ដៃគូ​របស់​កម្ពុជា។

លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​សន្យា​ជួយ​សម្របសម្រួល​រាល់​បញ្ហា​ទាំងឡាយ ដើម្បី​ឈានទៅ​សម្រេចបាន​ស្ថានភាព​ឈ្នះ-ឈ្នះ​ទាំងអស់គ្នា គឺ​ការវិនិយោគ​ដើម្បី​បង្កើត​ប្រាក់ចំណេញ និង​បែង​ចែង​កំណើន​ដោយ​សមធម៌ កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​ធានា​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ថ្មី។

ជាការ​ឆ្លើយតប លោក ម៉ា​យ​ឃើ​ល មីឆា​ល​ឡាក់ តំណាងឱ្យ​ប្រតិភូ​ធុរជន​អាស៊ាន-អាមេរិក បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី ដែល​បានរៀបចំ​ជំនួប​ដ៏​មាន​សារៈសំខាន់​ថ្ងៃនេះ ដើម្បីឱ្យ​តំណាង​ក្រុមហ៊ុន​ទាំងអស់​បាន​ស្វែងយល់​កាន់តែច្បាស់ អំពី​គោលនយោបាយ និង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ព្រមទាំង​សក្តានុពល​វិនិយោគ​លើ​វិស័យ​អទិភាពផ្សេងៗ រាប់​តាំងពី​សេដ្ឋកិច្ច ថាមពល បរិស្ថាន សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ កសិកម្ម និង​ការអភិវឌ្ឍ​ធនធានមនុស្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here