ដោយៈសុខុម
អន្តរជាតិ: ក្រោយបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ី មិនថាកម្រិតរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងសូម្បីពួកមហាសេដ្ឋីរុស្ស៊ី សុទ្ធតែត្រូវទទួលរងទណ្ឌកម្មយ៉ាងចាស់ដៃ ពីសំណាក់លោកខាងលិច និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត ដោយក្នុងនោះរួមទាំងនាវាកម្សាន្តខ្នាតយក្សផងដែរ។

ពេលនេះនាវាកម្សាន្តប្រណីត ដ៏អាថ៏កំបាំងតម្លៃ៧០០លានដុល្លារ ដែលចតនៅកំពង់ផែក្នុងប្រទេសអ៉ីតាលីនេះ កំពុងត្រូវបានស៊ើបអង្កេតរកម្ចាស់ពិតប្រាកដ ព្រោះគេសង្ស័យថាវាជា របស់អធិរាជខ្លាឃ្មុំទឹកកក វ៉្លាឌីមៀ ពូទីន។ នេះបើយោងតាមសារព័ត៌មានSouth China Morning Post ចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា នេះ។
-->
នាវាកម្សាន្តឈ្មោះ Scheherazade ប្រវែង១៤០ម៉ែត្រដែលមានកន្លែងចតឧទ្ធម្ភាគចក្រ២ អាងហែលទឹកមួយ និងរោងកុនមួយនេះត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃមិនក្រោម៧០០លានដុល្លារអាមេរិក ឡើយ ហើយពេលនេះកំពុងស្ថិត ក្រោមការស៊ើបអង្កេតរកម្ចាស់ពិតប្រាកដ ខណៈវាត្រូវបានប៉ូលិសសេដ្ឋកិច្ចអ៉ីតាលី រឹបអូសយកទៅរក្សាទុក។

នាវាកម្សាន្តជាច្រើនគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមមហាសេដ្ឋីរុស្ស៊ី ត្រូវបានរឹបអូសរួចមកហើយនៅអឺរ៉ុប ចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូ បានបញ្ឆេះសង្គ្រាម ចូលឈ្លានពានប្រទេសអ៊ុយក្រែនកាលពីខែមុនមក។ ទោះជាយ៉ាងណា ការរឹបអូសនាវាកម្សាន្តដែលមានឈ្មោះថា Cheheerazade នេះបានផ្ទុះការចាប់អារម្មណ៍ខ្លាំងបំផុត ដោយសារគេសង្ស័យថាវាជាកម្មសិទ្ធិរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។
ប្រភពមួយដែលស្និទ្ធ នឹងការស៊ើបអង្កេតពីសំណាក់ប៉ូលិសសេដ្ឋកិច្ចនៃប្រទេសអ៉ីតាលីនេះបានទម្លាយឱ្យដឹងថា ការស៊ើបអង្កេតជុំវិញនាវាកម្សាន្តនេះអាចនឹងបិទបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខ៕ South China Morning Post៕