ដោយៈសុខុម
អន្តរជាតិ: រដ្ឋមន្ត្រីការបរទេសអាមេរិក លោកAntony Blinkenបានបដិសេធយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគ្មានផែនការណាមួយ ដើម្បីនាំមកនូវការផ្លាស់ប្តូររបបដឹកនាំ ក្នុងប្រទេសរុស្ស៊ី ឬប្រទេសណាផ្សេងទៀតនោះឡើយ។

យោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោកAntony Blinken ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានលើកឡើងថា មិនគួរអនុញ្ញាតឱ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅបន្តកាន់អំណាចតទៀតនោះឡើយ។
-->
លោក ចូ បៃឌិន បានលើកឡើងបែបនេះ ដោយគ្មានសុន្ទរកថាព្រាងទុកនៅចុងបញ្ចប់ នៃសុន្ទរកថារបស់លោកក្នុងប្រទេសប៉ូឡូញ។

លោកAntony Blinken បានបកស្រាយក្នុងន័យសម្រាលថា លោកប្រធានាធិបតី ចូ បៃឌិន គ្រាន់តែលើកឡើងថា លោក វ៉្លាឌីមៀ ពូទីន មិនអាចត្រូវបានអនុញ្ញាតឱ្យបញ្ឆេះសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន តែប៉ុណ្ណោះ។
ជាការឆ្លើយតប វិមានក្រឹមឡាំង បានទាត់ចោលការលើកឡើងរបស់លោក ចូ បៃឌិន ដោយនិយាយថា មានតែពលរដ្ឋរុស្ស៊ី ប៉ុណ្ណោះដែលមានសិទ្ធិ សម្រេចជ្រើសរើសមេដឹកនាំរបស់ពួកគេ ពោលគឺមិនទាន់ដល់វេនលោកចូ បៃឌិន ឬសហរដ្ឋអាមេរិកនោះឡើយ៕BBC ៕