ឥណ្ឌូនេស៊ី ពិចារណាទិញប្រេងឆៅពីរុស្ស៊ី ក្រោយមហាយក្សចិន និងឥណ្ឌា សម្ងំសម្រុកទិញប្រេងឆៅថោកៗរបស់រុស្ស៊ី

0

ដោយ សុខុម

ហ្សាការតាៈ បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងរបស់ប្រទេសចិន និងក្រុមហ៊ុនប្រេងធំៗរបស់ឥណ្ឌា កំពុងសម្ងំសម្រុកទិញប្រេងឆៅថោកៗរបស់ប្រទេសរុស្ស៊ី ក្រោយរុស្ស៊ី ទទួលរងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់។ ហើយដោយទំនងជាឃើញឱកាសចំណេញច្រើន ឥណ្ឌូនេស៊ី ក៏ចង់ក្ដោបក្ដាប់ឱកាសដ៏កម្រនេះដែរ។

លោកស្រី Nicke Widyawati នាយកប្រតិបត្តិក្រុមហ៊ុនថាមពលរដ្ឋរបស់ឥណ្ឌូណេស៊ី PT Pertamina បានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី២៨ ខែមីនាថា ពេលនេះក្រុមហ៊ុនរបស់លោកស្រីកំពុងពិចារណាទិញប្រេងឆៅពីរុស្ស៊ី ខណៈខ្លួនកំពុងស្វែងរកប្រេងឆៅសម្រាប់រោងចក្រចម្រាញ់ដែលទើបនឹងកែលម្អថ្មីរបស់ខ្លួន។

លោកស្រីបានលើកឡើងក្នុងរដ្ឋសភាថា ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ក្រុមហ៊ុន PT Pertamina បានមើលឃើញឱកាសទិញប្រេងឆៅពីប្រទេសរុស្ស៊ី ក្នុងតម្លៃល្អ។

លោកស្រីបានពន្យល់ទៅក្រុមសមាជិកសភាថា “ផ្នែកនយោបាយ វាគ្មានបញ្ហាអ្វីទេដរាបណាក្រុមហ៊ុនដែលយើងទាក់ទងជាមួយមិនទទួលរងការដាក់ទណ្ឌកម្ម។ យើងក៏បានពិភាក្សាអំពីកិច្ចព្រមព្រៀទូទាត់ដែលអាចឆ្លងកាត់ប្រទេសឥណ្ឌា ផងដែរ”។

ប្រទេសឥណ្ឌូណេស៊ី ធ្វើជាប្រធានប្ដូរវេនក្រុមប្រទេស G20 នៅឆ្នាំនេះ ហើយនិយាយថា ខ្លួននឹងរក្សាអព្យាក្រឹតចំពេលមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌ និងភូមិសាស្ត្រនយោបាយដ៏ធំបំផុតមិនធ្លាប់មាននៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។ រដ្ឋាភិបាលឥណ្ឌូនេស៊ី ធ្លាប់បានលើកឡើងពីការព្រួយបារម្ភអំពីការឈ្លានពានដោយរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដែរ ប៉ុន្តែបានជៀសវាងមិនថ្កោលទោសឡើយ។

លោកស្រី Nicke Widyawati បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន PT Pertamina កំពុងពិគ្រោះជាមួយក្រសួងការបរទេស និងធនាគារកណ្តាលឥណ្ឌូនេស៊ី ទាក់ទងនឹងផែនការនេះ ហើយបានទាក់ទងអ្នកលក់ប្រទេសរុស្ស៊ី មួយចំនួនរួចហើយដើម្បីទិញប្រេងឆៅសម្រាប់សាកល្បងនៅរោងចក្រចម្រាញ់ប្រេងរបស់ PT Pertamina៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here