មហាយក្សចិន ព្រលយពាក្យទទួលស្គាល់ក្រុមសកម្មប្រយុទ្ធតាលីបង់ ជារដ្ឋាភិបាលស្របច្បាប់របស់អាហ្វហ្គានីស្ថាន

0

ដោយ សុខុម

អន្តរជាតិ: រដ្ឋាភិបាលក្រុងប៉េកាំង បានផ្តល់ការគាំទ្រពេញទំហឹងដល់ក្រុមសកម្មប្រយុទ្ធតាលីបង់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយនិយាយថា ការទទួលស្គាល់ក្រុមនេះជារដ្ឋាភិបាលស្របច្បាប់នៃប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះនឹងធ្វើឡើង “នៅពេលស្ថានភាពទុំជោរ”។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង អ៊ី (Wang Yi) បានសន្យាគាំទ្រក្រុមសកម្មប្រយុទ្ធនេះនៅចុងបញ្ចប់នៃប្រជុំរយៈពេល២ថ្ងៃស្តីពីកិច្ចការអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ដែលអំឡុងពេលនោះរដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន បានវាយប្រហារសហរដ្ឋអាមេរិក ថាជាអ្នកបំផ្លាញអធិបតេយ្យភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសលោក។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃសុក្រ ទី០១ ខែមេសា នេះ។

ក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃក្នុងខេត្តអានហួយ (Anhui) ប្រទេសចិន ដែលមានការចូលរួមពីសំណាក់ក្រុមមន្ត្រីមកពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងប្រទេសក្បែរខាងចិន មួយចំនួនដែរនេះ លោក Wang Yi លើកឡើងថា អាហ្វហ្គានីស្ថាន មិនគួរត្រូវបានផាត់ចេញពីសហគមន៍អន្តរជាតិឡើយ ហើយក៏មិនគួរក្លាយជាប្រទេសបរាជ័យនោះដែរ។

លោក Wang Yi និយាយថា រដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសអាហ្វហ្គានីស្ថាន បានបង្ហាញអាកប្បកិរិយាជាវិជ្ជមានចំពោះការចូលរួមជាមួយប្រជាជាតិដទៃទៀត ប៉ុន្តែបណ្ដាប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថាន រំពឹងថានឹងមានការវឌ្ឍភាពបន្ថែមទៀតលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការផ្សះផ្សាក្នុងចំណោមក្រុមជនជាតិភាគតិច ការបង្កើតនូវរដ្ឋាភិបាលមួយប្រកបដោយបរិយាបន្ន និងការការពារសិទ្ធិស្ត្រី និងកុមារ។

សហរដ្ឋអាមេរិក បានបង្កកទ្រព្យសកម្មរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន ចំនួន៩ពាន់លានដុល្លារអាមេរិក បន្ទាប់ពីក្រុមតាលីបង់ បានដណ្តើមអំណាចពីរដ្ឋាភិបាលក្រុងកាប៊ុល កាលពីឆ្នាំមុន ហើយក្រោយមកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានបញ្ជាឱ្យរឹបអូសស៊ីដាច់ទ្រព្យសម្បត្តិទាំងនោះតែម្ដងដើម្បីយកមកបែងចែកក្នុងចំណោមជនរងគ្រោះនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងសម្រាប់ជំនួយមនុស្សធម៌ ហើយចំណាត់ការនេះត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំង រិះគន់។

ក្រោយកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសចិន អ៊ីរ៉ង់ ប៉ាគីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូបេគីស្ថាន បានចេញសេចក្ដីថ្លែងការណ៍រួមមួយថា ការផ្តល់ជំនួយមនុស្សធម៌មិនគួរយកមកពាក់ព័ន្ធរឿងនយោបាយឡើយ ប៉ុន្តែទន្ទឹមនេះបានអំពាវនាវឱ្យអាហ្វហ្គានីស្ថាន ចាត់វិធានការជាក់ស្ដែងបន្ថែមទៀតដើម្បីកាត់ផ្តាច់ទំនាក់ទំនងជាមួយកងកម្លាំងភេរវករគ្រប់ទម្រង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here