ដោយៈសុខុម
អន្តរជាតិ: ក្រសួងហិរញ្ញវត្ថុរុស្ស៊ី ទម្លាយឱ្យដឹងថា ប្រទេសរុស្ស៊ីរំពឹងទទួលបានប្រាក់ចំណូល បន្ថែមដល់ទៅ៩,៦ពាន់លានដុល្លារ ពីការលក់ថាមពលក្នុងខែមេសា នេះដោយសារតម្លៃប្រេងហក់ឡើងខ្ពស់។
ក្ដីរំពឹងទទួលបានប្រាក់ចំណូលបន្ថែមនេះ បានកើតមានឡើង ខណៈ រដ្ឋាភិបាលក្រុងមូស្គូ ត្រូវការសាច់ប្រាក់ដើម្បីយកទៅដោះសងបំណុល ខណៈទុនបម្រុងអន្តរជាតិរបស់ខ្លួនត្រូវបានកាត់ផ្ដាច់ ឬប្រើប្រាស់មិនបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៥ ខែមេសា។
-->
បន្ទាប់ពីការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី រួមទាំងការកាត់ផ្ដាច់ប្រទេសនេះ ចេញពីប្រព័ន្ធទូទាត់ប្រាក់ជាសកល របស់ពិភពលោក SWIFT ផងដែរ បន្ទាប់ពីខ្លួនបញ្ឆេះសង្គ្រាម ចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ។
ពេលនេះបណ្តាប្រទេសលោកខាងលិច ក៏កំពុងពិភាក្សារកវិធីជំនួសការនាំចូលប្រេង និងឧស្ម័នពីក្រុងមូស្គូ ដើម្បីផ្ដាច់ដង្ហើមសេដ្ឋកិច្ចប្រទេសនេះ។
ខណៈពាក់កណ្ដាល នៃទុនបម្រុងអន្តរជាតិជាដុំមាស និងរូបិយប័ណ្ណបរទេសចំនួន៦៤០ពាន់លានដុល្លារ របស់ខ្លួនត្រូវបានបង្កក ឬមិនអាចប្រើប្រាស់បាន ប្រទេសរុស្ស៊ី បានសន្យាធ្វើការទូទាត់ថ្មីៗ និងផ្ដល់ជំនួយគាំទ្រដល់អាជីវកម្មច្រើនពាន់លានដុល្លារ ខណៈខ្លួនក៏ត្រូវការសាច់ប្រាក់សងសម្រាប់ដោះសងបំណុលក្នុងស្រុក និងក្រៅប្រទេសផងដែរ។
រុស្ស៊ី ដែលជាប្រទេសផ្គត់ផ្គង់ឧស្ម័នហ្គាស លំដាប់កំពូលរបស់អឺរ៉ុប និងជាប្រទេសនាំចេញប្រេងធំជាងគេទី២ របស់ពិភពលោកបន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត បានប្រឈមការលំបាកកាន់តែខ្លាំង នៅពេលឧស្ម័នហ្គាស និងប្រេងរបស់ខ្លួនក៏បានទទួលរងទណ្ឌកម្ម។
កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ សហរដ្ឋអាមេរិក បានរារាំងរដ្ឋាភិបាលរុស្ស៊ី មិនឱ្យយកទុនបម្រុងអន្តរជាតិរបស់ខ្លួន ដែលតម្កល់ទុកនៅធនាគារនានារបស់សហរដ្ឋអាមេរិក ទៅដោះសងបំណុលសាធារណៈជាង៦០០ពាន់លានដុល្លារ ដោយនិយាយថា ប្រទេសរុស្ស៊ី ត្រូវតែធ្វើការជ្រើសរើសរវាងការដកប្រាក់បម្រុងជាដុល្លារ ដែលនៅសេសសល់ ឬមួយក៏បញ្ចូលប្រាក់ចំណូលថ្មី ហើយបើមិនដូច្នោះទេ រុស្ស៊ីនឹងខកខានសងសំណុលរបស់ខ្លួនតាមពេលវេលាកំណត់ជាមិនខាន។
ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅដើម្បីសុំឱ្យឆ្លើយបំភ្លឺ ជុំវិញផែនការដំណើរការទូទាត់បំណុល ក្រៅប្រទេសរបស់ខ្លួន ក្រសួងហិរញ្ញវត្ថុរុស្ស៊ី មិនបានឆ្លើយតបនោះទេ។

បន្ទាប់ពីជាប់បម្រាមរបស់សហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ធ្លាប់បាននិយាយថា ការទូទាត់នឹងធ្វើឡើង តាមរយៈរូបិយប័ណ្ណជាតិរ៉ូប៊ល របស់រុស្ស៊ី ប្រសិនបើប្រតិបត្តិការទូទាត់ ជារូបិយប័ណ្ណបរទេសត្រូវបានរារាំងឬបិទខ្ទប់៕ Reuters៕