ប្រជាជន​កម្ពុជា​ចំណាយ​ចន្លោះ​ពី ១០០ដល់​ជាង ២០០លាន​ដុល្លារ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

0

ដោយ វុត្ថា

ភ្នំពេញ៖ អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​បាន​អះអាងថា​ប្រជាជន​កម្ពុជា​ចំណាយ​ប្រាក់​ប្រមាណ ៨៨ ទៅ ១០០លាន​ដុល្លារ ក្នុង​ឳ​កាស​ថ្ងៃ​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​បានបញ្ចប់​ក្នុង​សប្តាហ៍​នេះ។

យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​រាជធានី-ខេត្ត ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ដើរ​កំសាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា ក្នុងឱកាស​ឈ ប់​សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ (៨-១០ ខែតុលា ឆ្នាំ២០១៨) នេះ​មាន​ចំនួន១,២៦១,៦៩១ កើនឡើង២០,៤២ភាគរយ ក្នុងនោះ​ភ្ញៀវ​ជាតិ១,២១៣,៦៨៧ កើនឡើង២០,២៩ភាគរយ និង​ភ្ញៀវ​អន្តរជាតិ៤៨,០០៤ កើនឡើង២៣,៩៣ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​រាជធានី ខេត្ត​ដដែល បាន​សង្កេតឃើញ​ផងដែរ​ថា ការរៀបចំ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍ មានការ​រីកចំរើន​កាន់តែ​ប្រសើរ ដោយ​ក្នុងនោះ អាច​ទប់ស្កាត់​ការ​តម្លើងថ្លៃ​ហួសហេតុ​លើ​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍ ដោយមាន​ការបិត​តម្លៃ​ជម្រាបជូន​ភ្ញៀវ​ជាមុន​បាន​ត្រឹមត្រូវ។ បញ្ហា​បរិស្ថាន​អនាម័យ​ល្អប្រសើរ​ជាង​មុន ដោយ​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​និង​ភ្ញាក់រលឹក និង​ដោយមាន​ការចុះ​អប់រំ​ណែនាំ​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​ទេសច​រណ៍ បាន​ចាត់តាំង​ក្រុមការងារ​ចុះ​អប់រំ​ផ្ទាល់​ដល់​រមណីយដ្ឋាន បើទោះបី​ជាការ​ទុកដាក់​សំរាម នៅតែ​ជា​បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម និង​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ក៏មាន​ភាពល្អប្រសើរ ដោយ​មន្ទីរ​ទេសចរណ៍​បាន​សហ​ការណ៍​យ៉ាង​ជិតស្និត​ជាមួយ​កំលាំង​មាន​សមត្ថកិច្ច ចាត់តាំង​ក្រុមការងារ​ប្រចាំការ​នៅតាម​គោលដៅ​ទេសចរណ៍សំខាន់ៗ និង​មាន​ការលើក​ស្លាក​សញ្ញា​គ្រោះថ្នាក់ នៅតាម​តំបន់​ដែល​ងាយ​រងគ្រោះ។

ទោះជា​យ៉ាងណា​លោក​ហូ វណ្ឌី​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១១ តុលា​នេះ​ថា តាម​ការព្យាករណ៍​រប​ស់លោក​បាន​គិតថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចេញទៅ​ទស្សនា និង​សម្រាក​កំសាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ទូទាំងប្រទេស គឺមាន​ចំនួន​ច្រើនជាង​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍ ព្រោះ​បើ​គិតពី​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ ប្រមាណ៨០ភាគរយ បាន​ចាកចេញ​ទៅតាម​បណ្តា​ខេត្ត​នានា ហើយ​ចំនួន​នេះ​មិនទាន់​គិត​បញ្ចូល​អ្នក​នៅ​រាជធានី​ភ្នំពេញ និង​អ្នក​នៅតាម​បណ្តា​ខេត្ត​នានា ដែល​បាន​ចល័ត​ដើរ​កំសាន្ត​ពី​ខេត្ត​មួយ ទៅកាន់​ខេត្ត​មួយ​នៅឡើយ​ទេ។

លោក​បន្តថា “បើ​គិត​លើ​ការចំណាយ​វិញ ខ្ញុំ​គិតថា​ជា​មធ្យម​ប្រជាជន​ម្នាក់​ចំណាយ​ប្រាក់​ចន្លោះ​ពី៧០ទៅ៨០ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ ហេតុនេះ​ប្រជាជន​ទូទាំងប្រទេស៨៨ទៅ១០០លាន​ដុល្លារ​ក្នុង​ពិធី​នេះ។

លោក​បន្តថា ជាទូទៅ​ការដើរ​កំសាន្ត​ក្នុង​រយៈពេល​បី​ថ្ងៃនេះ មាន​ភាពល្អប្រសើរ ជាទូទៅ ប៉ុន្តែ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ បញ្ហា​អនាម័យ និង​បញ្ហា​ឡើងថ្លៃ​ម្ហូបអាហារ​នៅ​តំបន់​មួយចំនួន​មានការ​ហក់​ឡើង​ខ្ពស់​ឡើងវិញ ដែល​បញ្ហា​នេះ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​បន្ថែម។

ទោះជា​យ៉ាងណា​លោក ​ធួន ស៊ីណាន​ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​បានលើកឡើង​ផងដែរ​ថា លោក​យល់ស្រប​នឹង​តួលេខ​របស់​ក្រសួងទេសចរណ៍ ដែល​រយៈពេល​បី​ថ្ងៃនេះ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ជាង១,២លាន​នាក់​បានចេញ​ដើរ​កំសាន្ត​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ប៉ុន្តែ​លោក​បាន​ព្យាករណ៍​ការចំណាយ​របស់​ប្រជាជន​ម្នាក់​ជា​មធ្យម​គឺ​ចំណាយ១៨០ដុល្លារ​អាមេរិក ដូច្នេះ​បើ​គិត​ចំនួន​មនុស្ស​ជាង១,២លាន​នាក់ គុណ​នឹង​ការចំណាយ​មានន័យថា​ប្រជាជន​កម្ពុជា​ចំណាយ​ប្រាក់រ​ហូ​យ​ដល់២២៧លាន​ដុល្លារ​ក្នុង​ពិធីបុណ្យ​ដ៏​ធំ​នេះ។

លោក​បន្តថា “ខ្ញុំ​គិតបែបនេះ ប្រជាជន​កម្ពុជា​ចំណាយ​ច្រើន​សម្រាប់​ពិធីបុណ្យ​នេះ ដែល​មនុស្ស​ម្នាក់​អាច​ចំណាយ​មិន​ក្រោម១៨០ដុល្លារ​នោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here