ការសិក្សា: បំណុលរបស់រដ្ឋាភិបាលទូទាំងពិភពលោកនឹងហក់ឡើងខ្ពស់រហូតដល់ជិត១០ភាគរយក្នុងឆ្នាំនេះ

0

ដោយៈសុខុម

ក្រុងឡុងដ៍: ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដ៏ធំរបស់អង់គ្លេស Janus Henderson បានចេញរបាយការណ៍មួយកាលពីថ្ងៃទី៥ ខែមេសាថា បំណុលរបស់រដ្ឋាភិបាលទូទាំងពិភពលោក អាចនឹងហក់ឡើង៩,៥%នៅឆ្នាំនេះ ឈានដល់៧១,១ទ្រីលានដុល្លារអាមេរិក មិនធ្លាប់មាន ដែលនាំមុខដោយសហរដ្ឋអាមេរិក ជប៉ុន និងមហាយក្សចិន។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី៦ ខែមេសា នេះឱ្យដឹងថា រដ្ឋាភិបាលទូទាំងពិភពលោក បានបង្កើនការខ្ចីប្រាក់ចាប់តាំងពីវិបត្តិកូវីដ-១៩ បានផ្ទុះឡើងកាលពី២ឆ្នាំមុន នៅពេលពួកគេព្យាយាមការពារសេដ្ឋកិច្ចរបស់ខ្លួនពីការដួលរលំ។

ក្រុមហ៊ុន Janus Henderson និយាយថា ការបង្កើនការខ្ចីប្រាក់នោះ បានធ្វើឱ្យបំណុលរបស់រដ្ឋាភិបាល ទូទាំងពិភពលោកកើនឡើងខ្ពស់មិនធ្លាប់មាន រហូតដល់៦៥,៤ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ បើធៀបនឹង៥២,២ទ្រីលានដុល្លារអាមេរិក ក្នុងខែមករា ឆ្នាំ២០២០។ ក្នុងនោះដែរ បំណុលរបស់ប្រទេសចិន បានកើនឡើងលឿនបំផុត និងច្រើនបំផុតគិតជាសាច់ប្រាក់ ដោយកើនឡើង១ភាគ៥ ឬ៦៤០ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។

ក្នុងចំណោមសេដ្ឋកិច្ចអភិវឌ្ឍន៍ធំៗ បំណុលរបស់ប្រទេសអាល្លឺម៉ង់ បានកើនឡើងច្រើនបំផុតគិតជាភាគរយ ដោយបានកើនឡើង១៥% ដែលស្ទើតែទ្វេដង បើគិតពីល្បឿនជាមធ្យមរបស់ពិភពលោក។

យោងតាមក្រុមហ៊ុន Janus Henderson ឱ្យដឹងថា បំណុលរបស់រដ្ឋាភិបាលទូទាំងពិភពលោក បានកើនឡើងគុណនឹង៣ក្នុង     រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។

របាយការណ៍សិក្សារបស់ក្រុមហ៊ុន Janus Henderson បង្ហាញថា ការងើបឡើងយ៉ាងរឹងមាំនៃសេដ្ឋកិច្ចពិភពលោក បានធ្វើឱ្យអនុបាតបំណុលធៀបនឹង GDP ទូទាំងពិភពលោកមានភាពប្រសើរឡើង មកនៅត្រឹម៨០,៧%ក្នុងឆ្នាំ២០២១ បើធៀបនឹង៨៧,៥%ក្នុងឆ្នាំ២០២០។

ទោះជាយ៉ាងណា ពេលនេះការចំណាយលើបំណុល អាចនឹងកើនឡើងយ៉ាងខ្លាំង ដោយក្រុមហ៊ុន Janus Henderson ប៉ាន់ប្រមាណថា បន្ទុកការប្រាក់នៅទូទាំងពិភពលោក នឹងកើនឡើងជិត១៥%ឈានដល់១,១៦ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២២នេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here