ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញដីធ្លីបានលើកឡើងថា ទីផ្សារដីធ្លីនៅកម្ពុជានៅតែមានឱកាសឡើងខ្ពស់បន្តទៀត នារយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយដីនៅតាមបណ្តាខេត្ត ជាប់រាជធានីភ្នំពេញនឹងហក់ឡើងខ្ពស់ជាងគេ។
អគ្គនាយកក្រុមហ៊ុនស៊ីឌីលែន លោកជា ចំរើន ហៅ Thomas បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី៧ មេសាថា ការរីកចម្រើនសេដ្ឋកិច្ចសង្គម ការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ និងតម្រូវការដីធ្លីសំរាប់ការលំហែរ នឹងកើនឡើងខ្ពស់នាពេលអនាគត។
លោកបន្តថា “ឥលូវនេះខ្ញុំប្រមូលទិញដីទុកច្រើន តាមលទ្ឋភាពដែលអាចធ្វើទៅបាន ព្រោះទីផ្សារដីធ្លីនឹងបន្តមានភាពល្អប្រសើរ”។ លោកបញ្ជាក់ថា “បើយើងទិញឥលូវ នៅពេលវ័យយើង៤០ឆ្នាំឬតិចជាងនេះ រយៈពេល២០ឆ្នាំក្រោយដីធ្លី ដែលយើងបានទិញនឹងក្លាយជាកំណប់មាស ពេជ្រ ដែលអាចឲ្យយើងមានពេលរីករាយ នៅពេលយើងអាយុកាន់តែច្រើន”។
លោកបានលើកឧទាហរណ៍ថា ករណីជាក់ស្តែងដូចជា អ្នកឧកញ៉ាម៉ុង រិទ្ឋី បានទិញដីនៅតំបន់ភ្នំស្រួចកាលពី២០ ទៅ៣០ឆ្នាំមុន ពេលនោះគាត់ទិញក្នុងតម្លៃដ៏ល្អ ប៉ុន្តែពេលនេះដីនៅតំបន់នោះ បានកើនឡើងខ្ពស់ស្ទើរមិនគួរឲ្យជឿ។
ជាមួយគ្នានេះ លោកឧកញ៉ាផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ថា អ្នកមានទិញដីឲ្យបាន សម្រាប់អភិវ ឌ្ឍន៍នៅថ្ងៃអនាគត ហើយគំនិតសេដ្ឋីអចលនទ្រព្យ គឺត្រូវឆ្លៀតឱកាសពេលដែលអចលនទ្រព្យធូរថ្លៃ ត្រូវប្រមុលទិញទុក តាមលទ្ឋភាពដែលអាចធ្វើទៅបាន។
លោកឧកញ៉ាបានបន្តថា “ថ្វីត្បិតជាវិបត្តិអំឡុងពេលនេះ តែក៏អាចជាឱកាស អចលនទ្រព្យហ្នឹងថ្កល់ តែក៏ជាឱកាសសម្រាប់អ្នកទិញ”។លោកបន្តថា “មនុស្សដែលចង់ជោគជ័យពិតប្រាកដ ចេះសម្លឹងមើលវែងឆ្ងាយ មើលឃើញផ្លូវដ៏ត្រឹមត្រូវ មិនខ្វល់ពីការលំបាកចំពោះមុខ មើលឃើញគោលដៅ និងធ្វើតែសកម្មភាព”។
លោកឧកញ៉ាផន វណ្ណិត បានបន្តថា ទីផ្សារដីធ្លីនៅតែមានឱកាសចំណេញ អ្វីសំខាន់គឺយើងមានលទ្ឋភាពប្រមូលទិញ សម្រាប់យកផលចំណេញនាពេលអនាគត ប៉ុន្តែការបណ្តាក់ទុនឬទិញអចលនទ្រព្យ ត្រូវធ្វើដោយប្រើចំណេះដឹងច្បាស់លាស់ ទើបគ្មានហានិភ័យ៕