ដោយៈ សុខុម
វ៉ាស៊ីនតោន: អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានប្រកាសច្បាស់ៗកាលពីថ្ងៃទី៦ ខែមេសាថា ទណ្ឌកម្មលើរុស្ស៊ី ចំពោះបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន គួរតែជាមេរៀនដ៏ល្អដើម្បីឱ្យមហាយក្សចិន “យល់ច្បាស់” ពីផលវិបាកដែលខ្លួនប្រឈម ប្រសិនបើហ៊ានផ្តល់ជំនួយគាំទ្រដល់ទីក្រុងមូស្គូ។
នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី៧ ខែមេសា នេះ។
លោកស្រី Wendy Sherman លើកឡើងថា ទណ្ឌកម្មធ្ងន់ធ្ងរជាបន្តបន្ទាប់ និងការរឹតបន្តឹងការនាំចេញ ក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិក ប្រឆាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សេដ្ឋកិច្ចរុស្ស៊ី និងក្រុមមេដឹកនាំជាន់ខ្ពស់ ព្រមទាំងមហាសេដ្ឋីរុស្ស៊ីផងដែរនោះ គួរតែធ្វើជាគំរូសម្រាប់មេដឹកនាំចិន លោកស៊ី ជីនភីង។
ក្នុងសវនាការរបស់គណៈកម្មាធិការកិច្ចការបរទេស នៃសភាអាមេរិក លោកស្រី Wendy Sherman បានលើកឡើងថា “ខ្ញុំយល់ថា វានឹងធ្វើឱ្យប្រធានាធិបតីស៊ី ជីនភីង យល់ច្បាស់ពីអ្វីដែលលោកប្រឈម ប្រសិនបើហ៊ានគាំទ្រលោក ពូទីន ក្នុងទម្រង់សម្ភារៈណាមួយ”។
លោកស្រីបានបន្ថែមទៀតថា រដ្ឋាភិបាលក្រុងប៉េកាំង គួរតែ “ទទួលយកមេរៀនដ៏ត្រឹមត្រូវ” ពីការឆ្លើយតបរួមគ្នារបស់លោកខាងលិច ចំពោះសង្គ្រាមនៅអ៊ុយក្រែន ហើយថា រាល់ចំណាត់ការណាមួយរបស់មហាយក្សចិន ដើម្បីវាយដណ្តើមកាន់កាប់កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ នឹងមិនអាចទទួលយកបានឡើយ។
លោកស្រីបានលើកឡើងបន្តទៀតថា “យើងសង្ឃឹមថា សាធារណរដ្ឋប្រជាមានិតចិន យល់ថាចំណាត់ការណាមួយបែបនេះ នឹងទទួលបានការឆ្លើយតបពីសហគមន៍អន្តរជាតិ ដែលមិនត្រឹមតែមកពីសហរដ្ឋអាមេរិក មួយនោះឡើយ”៕ Reuters៕