ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តអនុវត្តន៍គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដោយប្រុងប្រយ័ត្ន និងការប្រកាន់យកនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិយវត្ថុដើម្បីជំរុញកំនើនសេដ្ឋកិច្ច និងបរិយាកាសវិនិយោគកាន់តែល្អប្រសើរ។
យោងតាមគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចែងក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្តេជ្ញាកែលម្អបរិយាកាសកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាពល្អប្រសើរផ្នែកម៉ាក្រូសេដ្ឋកិច្ច ការកែលម្អបរិយាកាសធុរកិច្ច និងការរៀបចំមូលដ្ឋានចាំបាច់ ដើម្បីធានាការប្រកួតប្រជែងដោយស្មើរភាព នឹងការបន្តអនុវត្តន៍គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដោយប្រុងប្រយ័ត្ន ការប្រកាន់យកនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិយវត្ថុ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានលក្ខណៈបុរេសកម្មដោយប្រយ័ត្នប្រយែង ដើម្បីធានាបាននូវស្ថិរភាពកំណើន អតិផរណាទាប ស្ថិរភាពអត្រាប្តូរប្រាក់ និងជម្រុញដល់ការវិនិយោគជាដើម។