ដោយៈ សុផារី
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១១ ខែមេសានេះ បានចេញវិញ្ញាបនបត្រចុះបញ្ជី ជូនក្រុមហ៊ុនវិនិយោគចំនួន៤គម្រោងធំៗ ដែលមានទុន វិនិយោគសរុប៣១,៨លានដុល្លារអាមេរិក និង អាច បង្គើត ឱកាសការងារចំនួនជិត២៥០០កន្លែង ដល់ប្រជាជនក្នុងស្រុក។
គម្រោងវិនិយោគដែលបានអនុម័តទាំងនេះ គឺជាគម្រោងរោងចក្រឧស្សាហកម្ម ដែលមានទីតាំងនៅក្នុងតំបន់តំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម។
១- ក្រុមហ៊ុន “Covered Bridge Cabinetry Manufacturing Co., Ltd.” គម្រោងបង្កើតរោងចក្រ ផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៨,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៧០០កន្លែង។
២- ក្រុមហ៊ុន “SDJC STEEL AND WIRE (CAMBODIA) PRODUCTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិតខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ២៧០កន្លែង។
៣- ក្រុមហ៊ុន “SOLTEAM (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងផលិតផលអគ្គិសនី និងបរិក្ខារអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ១៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៩០០កន្លែង។
៤- ក្រុមហ៊ុន “WENDUA PACKAGING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ កេសកាតុង ស្លាកសញ្ញា ប្រអប់ឈើ ឈើទម្រសម្រាប់តម្កល់សម្ភារៈបរិក្ខារ ថង់ប្លាស្ទិក និងបោះពុម្ពលើសម្ភារៈបរិក្ខារគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៦០០កន្លែង៕