ដោយ គង់ សូរិយា
ភ្នំពេញ៖ ផ្តើមចេញពីវេទិកាកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃម្សិលម៉ិញ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា កម្ពុជាកំពុងយកចិត្តទុកដាក់លើការកែទម្រង់ ដើម្បីជំរុញកំនើនសេដ្ឋកិច្ចជាតិ។
សម្តេចបានបន្តថា រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបានកំនើនសេដ្ឋកិច្ចជាមធ្យម៧,៧ភាគរយក្នុងមួយឆ្នាំ ជាមួយការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏រ៉ឹងមាំ ជាពិសេសកម្ពុជាត្រូវបានទទួលស្គាល់ថាជា ប្រទេសស្ថិតក្នុងចំណោមឯក្គទៈពាក់កណ្តាលនៃកំនើនសេដ្ឋកិច្ចពិភពលោក។សម្តេចបានបន្តថា តាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបកាលពីពេលថ្មីៗនេះ ហើយគុណភាពជីវិតកាន់តែមានភាពប្រសើរឡើងភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅត្រឹម១០ភាគរយ និងគម្លាតចំណូលក្នុងចំណោមប្រជាជន ត្រូវបានរក្សាក្នុងកម្រិតទាប តាមរយៈការបែងចែកផលនៃកំនើនបានគ្រប់ស្រទាប់ប្រជាជន។
សម្តេចបន្តថា “ផ្អែកលើសមិទ្ឋិផលដែលសម្រេចបានកន្លងមកនេះ រាជរដ្ឋាភិបាលនិតិកាលទី៦ បានដាក់ចេញកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៤ សំដៅឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនជាម្ចាស់ឆ្នោត ក៏ដូចជាកសាងមូលដ្ឋានគ្រឹះសម្រាប់ការនាំឲ្យកម្ពុជាឈានទៅសម្រេចបាន នូវឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ក្នុងគោលដៅនេះ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់បង្កើតឪកាសការងារសម្រាប់យុវជន លើកកំពស់ការទទួលបានសេវាសាធារណៈសំខាន់ៗ ប្រកបដោយគុណភាពរួមទាំងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត សេវាអប់រំ សុខាភិបាល និងសេវាមូលដ្ឋានចាំបាច់ផ្សេងៗ ពិសេសធានានូវតុល្យភាព និងកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ បន្តខិតខំប្រឹងប្រែងនិងពង្រីកការតភ្ជាប់ផ្នែកទន់ និងរ៉ឹង ព្រមទាំងពន្លឿនសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងប្រទេស តំបន់ និងសាកលលោក។
យោងតាមការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថអន្តរជាតិ ដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបិយវត្ថុអន្តរជាតិសុទ្ឋតែបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចរក្សាកំនើនក្នុងរង្វង់៧ភាគរយនៅឆ្នាំនេះ និងបណ្តាឆ្នាំខាងមុខទៀត៕