ដោយ៖ សូរិយា
ភ្នំពេញ៖ ស្ថានីយរថភ្លើង រ៉ូយ៉ាល់ រៀលវ៉េ ខេមបូឌា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានបើកឱ្យដំណើរការឡើងវិញ ដើម្បីបម្រើឱ្យការដឹកជញ្ជូនអ្នកដំណើរ រវាងក្រុងភ្នំពេញ និងខេត្តគោលដៅចំនួន៦ រួមមាន ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង កំពត កែប និងខេត្តព្រះសីហនុ។
កញ្ញា សក់ វណ្ណនី អ្នកគ្រប់គ្រងខ្សែអ្នកដំណើរ នៃរ៉ូយ៉ាល់ ត្រេនសឃ្វែរ (Royal Train Square) បានប្រាប់ឱ្យដឹងថា ការបើកឱ្យដំណើរការផ្លូវដែកឡើងវិញនាពេលនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខ។
កញ្ញាឱ្យដឹងទៀតថា “ក្រោយជូនដំណឹងតាមរយៈបណ្តាញសង្គមនានា អំពីការដាក់ឱ្យដំណើរការរថភ្លើងឡើងវិញមកដល់ពេលនេះ ឃើញមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាបញ្ជាទិញ និងកក់សំបុត្រទុកជាបន្តបន្ទាប់ ដើម្បីត្រៀមចេញទៅខេត្ត ក្នុងគោលបំណងធ្វើដំណើរកម្សាន្ត និងទៅស្រុកកំណើតជាដើម”។
កញ្ញា វណ្ណនី បានបន្ថែមថា “ការបើកឱ្យដំណើរការឡើងវិញក្នុងពេលនេះ មានតែមួយជើងប៉ុណ្ណោះក្នុងមួយថ្ងៃ គឺម៉ោង៦និង៤០នាទីព្រឹក សម្រាប់ការចេញដំណើរទៅកាន់ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង និង៧ព្រឹក ទៅកាន់ខេត្តកំពត កែប និងព្រះសីហនុ”។
កញ្ញាបានបន្តថា ប្រសិនបើអ្នកដំណើរនៅតែបន្តគាំទ្រការធ្វើដំណើរដោយរថភ្លើងដូចថ្ងៃចាប់ផ្ដើម ក្រុមហ៊ុននឹងបើកឱ្យដំណើរឱ្យបានច្រើនជើង និងទៀងទាត់ឡើងវិញ។
ការបើកឱ្យដំណើរការផ្លូវដែកឡើងវិញខាងលើនេះ រថភ្លើងបើកទទួលតែអ្នកដំណើរប៉ុណ្ណោះ ដោយមិនមានទទួលដាក់រថយន្ត ឬទោចក្រយានយន្តដូចមុននោះទេ ដោយសារការបើកដំណើរការពេលនេះ គឺតេស្តសាកល្បង បន្ទាប់ពីផ្អាកមួយរយៈពេលធំ ដោយសារវិបត្តិកូវីដ១៩។
ដោយឡែក ទាក់ទងនឹងតម្លៃសំបុត្រ ធ្វើដំណើរចាកចេញពីភ្នំពេញទៅកាន់ខេត្តតាកែវ តម្លៃ២៤.០០០រៀល ឬ៦ដុល្លារអាម៉េរិក ខេត្តពោធិ៍សាត់២៨.០០០រៀល ឬ៧ដុល្លារ ខេត្តបាត់ដំបង៣២ ០០០រៀល ឬ៨ដុល្លារ ខេត្តកំពត និងខេត្តកែប មានតម្លែដូចគ្នាគឺ៣៦.០០០រៀល ឬ៩ដុល្លារ និងខេត្តព្រះសីហនុតម្លៃ ៤០.០០០រៀល ឬ១០ដុល្លារ សម្រាប់មនុស្សម្នាក់៕