ដោយ គង់ សូរិយា
ភ្នំពេញ៖ ជាថ្មីម្តងទៀតក្រុមមន្ត្រីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា រហូតមកទល់ពេលនេះ ការសិក្សាដើម្បីសម្រេចសាងសង់ផ្លូវរថភ្លើងលើអាកា សដោយអ្នកជំនាញជប៉ុនមិនទាន់បញ្ចប់នៅឡើយទេ។
ប្រធាននាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណៈការ និងដឹកជញ្ចូន លោក ឈឹម ផល្លា បានមានប្រសាន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៣ តុលាកន្លងមកថា ក្រុមអ្នកជំនា ញជប៉ុនកំពុងសិក្សា ពីគម្រោងនេះ ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់បញ្ចប់នៅឡើយទេ ហេតុនេះយើងមិនដឹងថា តើការសាងសង់នឹងចាប់ ផ្តើមនៅពេលណា និងចំណាយទឹកប្រាក់ប៉ុន្មានរយលានដុល្លារនៅឡើយទេ។
លោកបន្តថា “គំរោងនេះជាគំរោងត្រូវវិនិយោគលុយច្រើន ហេតុនេះយើងមិនទាន់ដឹងថារដ្ឋាភិបាលនឹងវិនិយោគ ឬប្រគល់ជូនក្រុមហ៊ុនឯកជនវិនិយោគ តាមលក្ខណៈបង់ប្រាក់ (BOT) នៅឡើយទេ។
លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងថា ការសាងសង់រថភ្លើងលើអាកាស ជាជម្រើសល្អមួយនាពេលអនាគត ព្រោះវាជួយសម្រួលការដឹកជញ្ជូន និងការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ ព្រោះរថភ្លើងលើអាកាសនឹងជាជម្រើសថ្មីសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ខណៈការដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈរបស់សាលាក្រុងភ្នំពេញ ចាប់ផ្តើមមានប្រជាប្រិយភាពបណ្តើរៗហើយ។
លោកបន្តថា “រថភ្លើងអាកាស ក៏នឹងចូលរួមចំណែកលើកកំពស់សោភ័ណភាព និងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ផងដែរ ប៉ុន្តែការសិក្សាលើបណ្តាញនេះទាមទារឲ្យមានភាពច្បាស់លាស់ ដើម្បីទទួលបានសោភ័ណភាពផង និងមិនប៉ះពាល់បរិស្ថានផង”៕