រដ្ឋាភិបាលជ្រើសរើសយកទីក្រុងចំនួន៣ ដើម្បីអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ និងឆ្លើយតបនឹងលំហូរប្រជាជន

0

ដោយៈ សហការី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសយកទីក្រុងចំនួន៣ ដើម្បីរៀបចំកសាងឱ្យក្លាយជាទីក្រុងឆ្លាតវៃ ដើម្បីបង្កើតជាទីក្រយងឆ្លាតវៃ ព្រមទាំងឆ្លើយតបនឹងលំហូរប្រជាពលរដ្ឋចូលមករស់នៅក្នុងទីក្រុង និងទីប្រជុំជនកាន់តែច្រើននាពេលអនាគត។

រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ស្ថិតនៅក្នុងចំណោមទីក្រុងទាំងបី ដែលនឹងចូលរួមគំនិតផ្តួចផ្តើមកសាងបណ្តាញ ទីក្រុងឆ្លាត សម្រាប់ប្រទេសសមាជិកអាស៊ានទាំង១០។

ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យនេះ ក្រសួងមុខងារសាធារណៈ កាលពីពេល​ថ្មីៗនេះ បានរៀបចំសិក្ខាសាលា ស្ដីពីការរៀបចំផែនការសម្រាប់ទីក្រុងឆ្លាតវៃ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាពលោកព្រុំ សុខារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមលោកស្រីត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក Benedict Cheong នាយកប្រតិបត្តិមូលនិធី Temasek អន្តរជាតិ វាគ្មិនជាតិ-អន្តរជាតិមួយចំនួនទៀត។

លោករដ្ឋមន្ត្រីព្រុំ សុខា បានថ្លែងថា “ទីក្រុងឆ្លាត ដែលផ្តើមគំនិតដោយប្រទេសសិង្ហបុរី ជាប្រទេសសមាជិកអាស៊ានមួយ ដែលមានគំនិតផ្តួចផ្តើម ដើម្បីកសាងបណ្តាញទីក្រុងឆ្លាត សម្រាប់ប្រទេសសមាជិកអាស៊ានទាំង១០ក្នុងនោះ កម្ពុជាក៏បានចូលរួមផង”។

លោកបានថ្លែងបន្តថា កម្ពុជាបានជ្រើសរើសយកទីក្រុងចំនួន៣ ក្នុងការរៀបចំដើម្បីក្លាយជាទីក្រុងឆ្លាត រួមមានរាជធានីភ្នំពេញ ក្រុងបាត់ដំបង នៃខេត្តបាត់ដំបង និងក្រុងសៀមរាបនៃខេត្តសៀមរាប។ ដូច្នេះរាជរដ្ឋាភិបាលត្រូវកសាងទីក្រុងឆ្លាត ព្រោះថាលំហូរ ប្រជាជនមកកាន់ទីប្រជុំជននឹងមានកំណើនខ្ពស់ជាងការកំណត់។

អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា រហូតដល់ឆ្នាំ២០៥០ គឺមានប្រជាជន២ភាគ៣ នៃប្រជាជននៅក្នុងប្រទេសនីមួយៗ នឹងចូលមករស់នៅក្នុងទីក្រុង។ ដូច្នេះទីក្រុងត្រូវកសាងទៅជាទីក្រុងឆ្លាត ដើម្បីអាចបន្តភាពស្ថិតស្ថិរ និងការអភិវឌ្ឍបន្តទៀតបាន។

សិក្ខាសាលាដែលបានរៀបចំឡើងនាថ្ងៃនេះ មានប្រធានបទសំខាន់៣ ក្នុងនោះរួមមាន ភាពជាអ្នកដឹកនាំសម្រាប់ការផ្លាស់ប្តូរ កំណែទម្រង់រដ្ឋបាលសាធារណៈ និងការកសាងទីក្រុងឆ្លាត។ ប្រធានបទទាំងអស់នេះ មានសារៈសំខាន់ណាស់សម្រាប់ទាំងអស់គ្នាដែលជាមន្ត្រី ដឹកនាំក្នុងវិស័យសាធារណៈ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ហេតុនេះព័ត៌មានជាចំណេះដឹង បទពិសោធន៍ នៃឧត្តមានុវត្តន៍ ឬការអនុវត្តល្អៗ ដែលនឹងត្រូវបានចែករំលែក ដោយវាគ្មិនល្បីៗក្នុងសិក្ខាសាលានេះ ពិតជាមានសារៈប្រយោជន៍ សម្រាប់ការបំពេញការងាររបស់។

លោករដ្ឋមន្ត្រីព្រុំ សុខាបានលើកឡើងនៅចំណុចសំខាន់ៗចំនួន៣ ជូនដល់អង្គសិក្ខាសាលារួមមាន ទី១ អំពីទីក្រុងឆ្លាត ទី២ ការដឹកនាំរដ្ឋបាលសាធារណៈ ឬការដឹកនាំគ្រប់គ្រងដើម្បីកសាងទីក្រុងឆ្លាត ដែលចាត់ទុកជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលកម្ពុជាកំពុងតែដំណើរការ និងទី៣ តើទីក្រុងឆ្លាតត្រូវការសេវាសាធារណៈ ឬការផ្តល់សេវាសាធារណៈបែបណា សម្រាប់ទីក្រុងឆ្លាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here