ដោយៈជេស៊ីកា
កំពតៈ អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបានបោះទុនជិត៦លានដុល្លារអាមេរិក សាងសង់ទំនប់ទឹកថ្មីមួយ ដែលមានសមត្ថភាពផ្ទុកទឹក១,៣លានម៉ែត្រគូប លើកំពូលភ្នំបូកគោ។
អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនាល្ងាចថ្ងៃទី១៩ មេសានេះថា រហូតមកទល់ពេលនេះ ការសាងសង់ទំនប់ទឹកនេះចំណាយអស់ជិត៥លានដុល្លាររួចហើយ ដែលតាមផែនការការចំណាយសាងសង់ទំនប់ទឹកថ្មីនេះ ត្រូវចំណាយទុនរហូតដល់ប្រមាណ៦លានដុល្លារអាមេរិក។
អ្នកឧកញ៉ាបានបន្តថា “ទំនប់ទឹកយើងមានស្រាប់មួយហើយ ប៉ុន្តែការសាងសង់ទំនប់ទឹកថ្មីនេះ ដើម្បីបំពេញតម្រូវការទឹកស្អាត យកមកប្រើប្រាស់នៅពេលទីក្រុងបូកគោ មានមនុស្សមករស់នៅកាន់តែច្រើន”។
ទំនប់ទឹកនេះ មានទំហំមានបណ្តោយខ្នងទំនប់ ប្រវែង២២៣,៥ម៉ែត្រ ទទឹងទំនប់ប្រវែង៩ម៉ែត្រ កំពស់២៥ម៉ែត្រ សមត្ថភាពផ្ទុកទឹកបាន១,៣លានម៉ែត្រគូប និងបានចាប់ផ្តើមសាងសង់កាលពីខែមិនា ឆ្នាំ២០២១ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២២នេះ។
អ្នកឧកញ៉ាសុខ គង់បានមានប្រសាសន៍ឲ្យដឹងទៀតថា រហូតមកទល់ពេលនេះ ការវិនិយោគលើរមណីយដ្ឋានបូកគោ និងទីក្រុងបូកគោបានចំណាយទុនប្រមាណ៥០០លានដុល្លារអាមេរិករួចហើយ ស្របពេលដែលទំ ហំនៃការចំណាយនឹងកើនឡើង២០ ទៅ៣០ពាន់លានដុល្លារនាពេលអនាគត ដោយសារទីក្រុងនេះធំ មានផ្ទៃដីរហូតដល់៣០,០០០ហិកតា ដែលត្រូវចំណាយពេល២០ទៅ៣០ឆ្នាំ ដើម្បីអភិវឌ្ឍន៍។
អ្នកឧកញ៉ាបានបន្តថា “អ្វីដែលខ្ញុំអភិវឌ្ឍន៍នេះ ដើម្បីជួយជម្រុញកំនើនសេដ្ឋកិច្ចជាតិ ព្រោះខ្ញុំចង់ទុកស្នាដៃសម្រាប់ជាតិ និងកូនខ្មែរជំនាន់ក្រោយ”។ អ្នកឧកញ៉ាបន្ថែមថា “ខ្ញុំចាស់ហើយ មានលុយដើរលេងនៅក្រៅប្រទេសបាន ប៉ុន្តែខ្ញុំចង់បន្តធ្វើការ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”៕