ក្រុមហ៊ុនសិង្ហបុរីSUNSEAPគ្រោងសាងសង់រោងចក្រសូឡា និងរោងចក្រស្តុកថាមពលលើផ្ទៃដី៣.០០០ហិកតានៅឥណ្ឌូនេស៊ី

0

ដោយៈសុខុម

សឹង្ហបុរី: ក្រុមហ៊ុនសឹង្ហបុរី Sunseap Group នឹងសាងសង់រោងចក្រថាមពលសូឡា និងរោងចក្រស្តុកថាមពលទ្រង់ទ្រាយធំនៅលើប្រជុំកោះឥណ្ឌូនេស៊ី Riau Islands ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាជាមួយរដ្ឋបាលខេត្តនេះនៅថ្ងៃអង្គារ ទី១៩ ខែមេសា នេះ។

ក្រុមហ៊ុនខាងលើនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយថា “MOU  នេះគ្របដណ្តប់លើលទ្ធភាព ទទួលបានដីចំនួន៣.០០០ហិកតាសម្រាប់ក្រុមហ៊ុន Sunseap សាងសង់រោងចក្រថាមពលសូឡា និងប្រព័ន្ធស្តុកថាមពល (ESS)”។ ក្រុមហ៊ុននេះបានបន្ថែមទៀតថា រោងចក្រនេះនឹងផ្គត់ផ្គង់អគ្គិសនីដល់កោះ Riau Islands និងប្រទេសសិង្ហបុរី។

ក្រុមហ៊ុនដដែលនិយាយថា ខ្លួនបានធ្វើការស្ទង់មតិ ធ្វើផែនទីបង្ហាញទីតាំង ធ្វើប្លង់បច្ចេកទេសព្រមទាំងធ្វើការវិភាគ ពីផលប៉ះពាល់បរិស្ថាន និងសង្គមនៅលើកោះមួយចំនួន ក្នុងខេត្ត Riau Islands រួមទាំងកោះ Combol និងកោះ Citlim ផងដែរ។

លោក Frank Phuan សហស្ថាបនិក និងជានាយកប្រតិបត្តិការអាជីវកម្មនៃក្រុមហ៊ុន Sunseap ថ្លែងថា “គម្រោងទាំងនេះ នឹងផ្គត់ផ្គង់ថាមពលស្អាតតម្លៃធូរថ្លៃ ដល់សហគមន៍ជនជាតិឥណ្ឌូនេស៊ី ដែលនៅជុំវិញ និងប្រទេសសិង្ហបុរី ហើយអ្វីដែលសំខាន់ វានឹងជួយបង្កើតការងាររាប់ពាន់កន្លែង នៅក្នុងឧស្សាហកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់ខេត្ត Riau Islands”។

លោកបានធ្វើការកត់សម្គាល់ថា បច្ចុប្បន្នតម្លៃអគ្គិសនី នៅលើប្រជុំកោះនេះបានហក់ឡើងថ្លៃខ្ពស់ ដោយសារតែការផលិត និងការផ្គត់ផ្គង់អគ្គិសនីមានទ្រង់ទ្រាយតូច៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here