ដោយៈគង់ សូរិយា
ភ្នំពេញៈ ជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋនានា ដែលតម្លៃប្រេងឥន្ឋនៈលក់រាយនៅតាមស្ថានីយ៍លក់ប្រេងនានា នឹងចុះថ្លៃថែមទៀតនៅថ្ងៃទី២០មេសានេះ។
លោក ប៉ែន សុវិជាតិ បានឱ្យដឹងកាលពីថ្ងៃទី១៩ មេសាថា តម្លៃប្រេងសាំងអាចនឹងចុះថ្លៃបន្តិច ដោយផ្អែកលើទីផ្សារអន្តរជាតិចុះតិចតួចដែរ។ លោកបញ្ជាក់ថា បើទីផ្សារប្រេងឥន្ធនៈ នៅប្រទេសសិង្ហបុរីចុះថ្លៃ នោះប្រេងលក់រាយនៅកម្ពុជា ក៏ចុះដូចគ្នា ព្រោះកម្ពុជានាំចូលប្រេងពីប្រទេសសិង្ហបុរី។
លោកបន្តថា គិតមកដល់ពេលនេះ តម្លៃនៅលើទីផ្សារអន្តរជាតិ មិនសូវជាមានការប្រែប្រួលខ្លាំងទេ បានន័យថាចុះដែរ តែមិនសូវមានការចុះខ្លាំងទេ។ ដូច្នេះមកដល់ពេលនេះ យើងកំពុងគិតគូថ្លៃលក់រាយឡើងវិញ ដោយយើងសង្ឃឹមថា អាចមានការចុះថ្លៃបន្តិច តែមិនច្រើនទេ។
លោកប៉ែន សុវិជាតិ បញ្ជាក់ថា រដ្ឋាភិបាលធ្វើយ៉ាងណា មិនឱ្យមានការខ្វះខាតប្រេង ក្នុងការប្រើប្រាស់ឡើយ។ ជាក់ស្តែងលោកបញ្ជាក់ថា ថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ មានត្រូវការប្រេងខ្ពស់ ប៉ុន្តែប្រេងមិនខ្វះក្នុងការផ្គត់ផ្គង់នោះទេ។
បច្ចុប្បន្នលោកថា ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច កំពុងបន្តជជែកពិភាក្សាជាមួយវិស័យឯកជន អំពីវិធានការស្តុកប្រេង តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រួលស្ថានការ នៅពេលប្រេងឡើងថ្លៃ នៅថ្ងៃអនាគត។
ចាប់ពីថ្ងៃទី ១០-២០ ខែមេសា ប្រេងសាំងធម្មតាលក់ក្នុងតម្លៃ ១លីត្រ ៥០៥០រៀល ខណៈម៉ាស៊ូត៥១០០រៀល។ តម្លៃ នឹងមានការប្រកាសជាថ្មី នៅក្រោយថ្ងៃទី២០ ខែមេសា៕