ដោយៈសុខុម
វ៉ាស៊ីនតោន: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារ ទី១៩ ខែមេសា បានបន្ទាបការព្យាកររបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកជិត១ភាគរយ ដោយសារឥទ្ធិពលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយព្រមានថា អតិផរណានាពេលនេះគឺជា “គ្រោះថ្នាក់យ៉ាងច្បាស់” សម្រាប់ប្រទេសជាច្រើន។
មូលនិធិIMF បានលើកឡើងនៅក្នុងរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (World Economic Outlook) ចុងក្រោយរបស់ខ្លួនថា តាមការរំពឹងទុក សង្គ្រាមនេះនឹងធ្វើឱ្យអតិផរណាកើនឡើងបន្ថែមទៀត ហើយព្រមានថា ការរឹតបន្តឹង ឬការបន្ថែមទណ្ឌកម្មពីសំណា ក់លោកខាងលិចទៅលើរុស្ស៊ី ដើម្បីតម្រង់គោលដៅទៅរកការនាំចេញថាមពល នឹងបណ្តាលឱ្យផលទុនសេដ្ឋកិច្ចរបស់ពិភពលោក ធ្លាក់ចុះបន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី២០ ខែមេសា នេះ។
ស្ថាប័នអន្តរជាតិមួយនេះបានលើកឡើងថា ហានិភ័យផ្សេងទៀតចំពោះទស្សនវិស័យសេដ្ឋកិច្ចពិភពលោកនេះ រួមមាន ទាំងសន្ទុះសេដ្ឋកិច្ចយឺតជាងការរំពឹងទុកនៅក្នុងប្រទេសចិន ដែលបណ្ដាលមកពីការផ្ទុះវីរុសកូវីដ-១៩ រលកថ្មីដ៏ធ្ងន់ធ្ងរផងដែរ។
ស្ថាប័ននេះក៏និយាយដែរថា ការហក់ឡើងតម្លៃស្បៀងអាហារ ថាម ពល និងទំនិញផ្សេងៗទៀត អាចបង្កឱ្យមានភាពចលាចលសង្គមផងដែរ ជាពិសេសនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដែលងាយរងគ្រោះ។
ដោយបន្ទាបការព្យាកររបស់ខ្លួនជាលើកទី២ ក្នុងឆ្នាំនេះ IMF ដែលស្ថាប័នផ្ដល់ប្រាក់កម្ចី ដើម្បីដោះស្រាយវិបត្តិរបស់ពិភពលោកនិយាយថា ឥឡូវនេះខ្លួនព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេច បានកំណើនត្រឹម៣,៦%ទាំងក្នុងឆ្នាំ២០២២ ធ្លាក់ចុះ០,៨% និង៣,៦%ដូចគ្នាក្នុងឆ្នាំ២០២៣ ដោយធ្លាក់០,២% បើធៀបនឹងការព្យាកររបស់ខ្លួនកាលពីខែមករា ដោយ សារឥទ្ធិពលផ្ទាល់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងផលប៉ះពាល់ទូទាំងពិភពលោក៕ Reuters៕