ផ្សារទំនើបបោះដុំនិងរាយកាន់តែច្រើនបោះទីតាំងនៅក្នុងខណ្ឌសែនសុខ

0

     ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សែនសុខត្រូវបានចាត់ទុកជាតំបន់ ដែលមានការទាក់ទាញ ទៅលើតំបន់ពាណិជ្ជកម្មមួយ នៅក្នុងចំណោមតំបន់នានានៃរាជធានីភ្នំពេញ ហើយបច្ចុប្បន្ននេះផ្សារទំនើបបោះដុំ និងរាយកាន់តែច្រើនបានបោះទីតាំងនៅក្នុងតំបន់ខណ្ឌសែនសុខនៃរាជធានីភ្នំពេញ។

បើតាមការសិក្សាស្រាវជ្រាវ របស់ក្រុមហ៊ុនអចលនទ្រព្យមួយបានបង្ហើបឱ្យដឹងថា តំបន់សែនសុខ គឺជាតំបន់ដែលមានការទាក់ទាញលើការអភិវឌ្ឍលំនៅឋាន និងទាក់ទាញអ្នកមានកម្រិតជីវភាព ថ្នាក់កណ្ដាលឡើងទៅច្រើន ដែលធ្វើឱ្យមានការផ្គត់ផ្គង់ទំនិញនិងផ្សារទំនើបៗកាន់តែច្រើន ។

អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានគ្រប់គ្រងផ្នែកវាយតម្លៃ នៃក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានមានប្រសាសន៍តាមទូរសព្ទនៅព្រឹកថ្ងៃទី២០មេសា ២០២២នេះឱ្យដឹងថា នៅតំបន់ខណ្ឌសែនសុខយើងបានមើលឃើញថា មានផ្សារទំនើបៗទាំងក្នុងស្រុក និងបរទេសជាច្រើន ដូចជាផ្សារទំនើបអ៊ីអនម៉លសែនសុខ ផ្សារទំនើប ម៉ាក្រូ គ្លូប៊លហៅស៍ ផ្សារទំនើបក្នុងស្រុកជីបម៉ុង និងផ្សារទំនើបៗតូចៗជាច្រើនទៀត ។

អ្នកនាងបន្តថា “កត្តាដែលធ្វើឱ្យខណ្ឌសែនសុខ ទាក់ទាញនូវផ្សារទំនើបៗទាំងនេះ ដោយសារតែតំបន់មួយនេះ មានប្រជាពលរដ្ឋដែលមានជីវភាពថ្នាក់កណ្ដាលឡើងកាន់តែច្រើន ទើបធ្វើឱ្យការផ្គត់ផ្គង់ទំនិញសម្រាប់ប្រជាពលរដ្ឋកម្រិតនេះ ក៏កាន់តែច្រើនដែរ ហើយដូចយើងបានឃើញស្រាប់បុរីលំនៅឋានតម្លៃខ្ពស់ៗជាច្រើន គម្រោងក៏មានទីតាំងនៅតំបន់ខណ្ឌសែនសុខនៃរាជធានីភ្នំពេញ”។

យ៉ាងណាក្ដីអ្នកនាងដាលុច្សបានលើកឡើងថា រហូតមកដល់ពេលនេះយើងបានមើលឃើញថា ផ្សារទំនើបៗនៅក្នុងតំបន់សែនសុខ មានច្រើនហើយ ដូច្នេះនៅពេលអនាគត នឹងមិនមានគម្រោងផ្សារទំនើបថ្មី វិនិយោគនៅតំបន់នោះទៀតឡើង លើកលែងតែផ្សារទំនើបដែលមានគម្រោងអភិវឌ្ឍន៍រួចហើយ និងផ្សារទំនើបកំពុងសាងសង់ ។

អ្នកឧកញ៉ា ពុងឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនOCIC បានលើកឡើងនាពេលកន្លងមកថា កម្រិតនៃជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាមានកំណើនឡើង បានធ្វើឱ្យមានការផ្គត់ផ្គង់ផ្សារទំនើបកាន់​តែច្រើន ហើយប្រជាពលរដ្ឋដែលមានជីវភាពធូរធា និងធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសទិញទំនិញនៅផ្សារទំនើបក្រៅប្រទេស ក៏អាចដើរផ្សារទំនើបក្នុងស្រុកយើងបានដែរ ។

អ្នកឧកញ៉ាបានលើកឡើងថា ផ្សារទំនើបៗដែលមានការអភិវឌ្ឍបែបនេះ វានឹងអាចវាយលុកផ្សារប្រពៃណីយើងបានផងដែរ ដូចជាផ្សារអូរឬស្សី ផ្សារអូរឡាំពិក ផ្សារទួលទំពូង និងផ្សារប្រពៃណីជាច្រើនទៀត ដូច្នេះផ្សារប្រពៃណីទាំងនោះត្រូវការធ្វើទំនើបកម្ម និងកែលម្អដើម្បីទាក់ទាញអតិថិជនឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here