សម្តេចតេជោ៖ កត្តា៦យ៉ាងផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២២

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកត្តា៦យ៉ាង ដែលផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

កត្តាទាំងនោះរួមមាន សុខសន្តិភាព ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ មានមធ្យោបាយធ្វើដំណើរកាន់តែច្រើន ប្រាក់ចំណូល ការកើតឡើងថ្មីនៃតំបន់ទេសចរណ៍ និងការមានភាពសាំសហគមន៍ដែលបានពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

សម្តេចបានថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទី១ សុខសន្តិភាព ដែលជាកត្តាសំខាន់បំផុត “ប្រសិនបើគ្មានសន្តិភាពទេ កុំសង្ឈឹមថាះអ្នកអាចទៅលេងនៅឯណាបាន កុំនិយាយពីសិទ្ធិមនុស្ស និយាយពីប្រជាធិបតេយ្យ”។ នៅថ្ងៃ១៧ ខែមេសា កាលពី៤៧ឆ្នាំមុន ប្រជាជនកម្ពុជានាំគ្នាសំរុកចេញពីទីក្រុង ឯ៤៨ឆ្នាំក្រោយ ប្រជាជនសំរុកចូលទីក្រុងភ្នំពេញវិញ ដោយសារតែគាត់វិលត្រឡប់ពីការដើរកំសាន្តសប្បាយ នៅតាមបណ្ដាខេត្តនានា។

ទី២ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវ មានស្ពាន ដើម្បីងាយស្រួលធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ។ ហេដ្ឋារចនាសម្ព័ន្ធគឺជាអាទិភាពមួយ ក្នុងការកសាងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធធ្វើឱ្យប្រជាពលរដ្ឋមិនចាំបាច់ធ្វើដំណើរបកក្រោយឡើយ។

ទី៣ មធ្យោបាយធ្វើដំណើរកាន់តែច្រើន ដែលប្រជាពលរដ្ឋខ្លះ មានឡាន មានម៉ូតូផ្ទាល់ខ្លួន ហើយក្រៅពីនោះ ក៏មានរថយន្តឈ្នួល រថយន្តតាក់ស៊ី អាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយងាយស្រួល។

ទី៤ ប្រាក់ចំណូល៖ បើទោះបីជាជំងឺកូវីដ-១៩ បានវាយប្រហារក្តី ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ប្រាក់ត្រូវបានផ្ទេរពីវណ្ណៈកណ្ដាល ទៅប្រជាពលរដ្ឋក្រីក្រយ៉ាងច្រើន តាមរយៈការដើរកំសាន្ត ហើយពួកគាត់ទិញសម្ភារៈប្រើប្រាស់ ទិញចំណីអាហារបរិភោគជាដើម។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា”យើងគិតជាមធ្យមភាគ តម្លៃសាំង តម្លៃទទួលទាន តម្លៃស្នាក់នៅ៣ថ្ងៃនេះ អញ្ចឹងមានការផ្ទេរប្រាក់ ពីវណ្ណៈអ្នកមាន ទៅកាន់អ្នកក្រីក្រ នៅតាមជនបទមានចំនួនច្រើន ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចរបស់យើង មានចំនួនវិល ហើយពលរដ្ឋទទួលបានថវិការទាំងនោះ”។

ទី៥ ការកើតឡើងថ្មីនៃតំបន់ទេសចរណ៍៖ សម្តេចតេជោថ្លែងឱ្យក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ពង្រីកសហគមន៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដី ឱ្យបានគ្រប់ទីកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងគោលដៅរួមចំណែកផ្តល់ចំណូលដល់ពលរដ្ឋមូលដ្ឋាន។

សម្តេចតេជោ ថ្លែងក្នុងសម្តីដើមដូច្នេះ ”ធ្វើម៉េចឱ្យប្រជាពលរដ្ឋរបស់យើង ធ្វើទេសចរដែលផ្សារភ្ជាប់ជាមួយទឹកដី ការស្រឡាញ់បរិស្ថាន ហើយប្រើប្រាស់បរិស្ថាននេះ ដើម្បីទាក់ទាញយកលុយ ជាជាងកាប់ឈើ ជាជាងបាញ់សត្វ ដែលវាធ្វើឱ្យហិនហោចទៅដល់បរិស្ថាន”។

កត្តាទី៦ ការមានភាពស៊ាំសហគមន៍ដែលបានពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងបើចាក់ពាសវាលពាសកាល មិនអាចបង្កើតភាពស៊ាំ សហគមន៍បាននោះឡើយ។ បើភាពស៊ាំក្នុងសហគមន៍កាន់តែរឹងមាំ នោះពលរដ្ឋមិនចាំបាច់ពាក់ម៉ាស់ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here