ដោយ៖ សុផារី
ភ្នំពេញ: សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធគឺជាអាទិភាពមួយ ក្នុងការកសាងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធធ្វើឱ្យប្រជាពលរដ្ឋមិនចាំបាច់ធ្វើដំណើរបកក្រោយឡើយ។
នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ គូសបញ្ជាក់ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធធ្វើឱ្យប្រជាពលរដ្ឋមិនចាំបាច់ធ្វើដំណើរបកក្រោយឡើយ។
សម្តេចបានមានប្រសាសន៍ថា “ធ្លាប់តែឆ្លងសាឡាងនៅព្រែកក្តាម ឥលូវមិនឆ្លងទៀតទេ ព្រែកតាមាក់ក៏លែងឆ្លង កំពង់ចាម-ទន្លេបិទ អ្នកលឿង ក្រូចឆ្មារ-ស្ទឹងត្រង់ លែងឆ្លងសាឡាងទៀតហើយ”។
សម្តេចតេជោមានប្រសាសន៍បន្តថា “ការតភ្ជាប់របៀបរបស់យើងធ្វើឱ្យប្រជាពលរដ្ឋយើងធ្វើដំណើរ ដោយមិនចាំបាច់ធ្វើដំណើរបកក្រោយ។ ឡើងទៅលេងរតនគិរី មណ្ឌលគិរី ស្ទឹងត្រែងហើយ បង្ហួសទៅកាន់ព្រះវិហារតាមផ្លូវជាតិលេខ៩បាត់។ អញ្ចឹងកត្តា ដែលយើងខំវិនិយោគដោយខ្លួនឯង រកទុនពីបរទេស មកដើម្បីធ្វើផ្លូវធ្វើស្ពាន បានសម្រួលដល់ប្រជាពលរដ្ឋ”។
សម្តេចថ្លែងបន្តថា “ពីមុនមានឡានធ្វើដំណើរពិតមែន ប៉ុន្តែមិនអាចធ្វើដំណើរទៅរួច ដោយសារអត់មានសាឡាងឆ្លង អត់មានស្ពាន ត្រូវឆ្លងសាឡាង ឬមិនមានស្ពាន។ អញ្ចឹងយើងខិតខំប្រឹងប្រែងបង្កើតឱ្យមានស្ពាន យ៉ាងហោចណាស់ក៏មានស្ពានបាឡេដែរ”៕