សម្តេចតេជោ៖ អ្នកឧញ៉ាលីយ៉ុងផាត់នឹងសាងសង់ស្ពានបេតុងមួយតភ្ជាប់កោះយ៉ទៅបាក់ខ្លងខេត្តកោះកុង

0

ដោយ៖ សុផារី

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជា នឹងសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសស្ពានដែក ដើម្បីតភ្ជាប់ពីកោះយ៉ទៅកាន់តំបន់បាក់ខ្លងខេត្តកោះកុង។

នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីប្រែក្លាយតំបន់បាក់ខ្លង ខេត្តកោះកុង ជាតំបន់ទាក់ទាញមួយ តាមរយៈស្ពានបេតុងជាង ១០០ម៉ែត្រមួយនឹងត្រូវបានសាងសង់ដោយអ្នកឧញ៉ាលីយ៉ុងផាត់ជាអ្នកចេញថវិកាផ្ទាល់។

សម្តេចតេជោ ហ៊ុន សែន “ព្រែករបស់យើងមានច្រើនណាស់ អញ្ចឹងយើងបង្គើតឱ្យមានស្ពានបេតុង យ៉ាងហោចណាស់ស្ពានបាឡរដែរ។ អ្នកនៅខាងកោះកុងបានសូមកសាងស្ពានពីកោះយ៉ទៅកាន់ ដែលកាលពីមុនខ្ញុំកសាងស្ពានឱ្យ ជាស្ពានដែក”។

សម្តេចតេជោ ហ៊ុន សែន បន្តថា “ខ្ញុំប្រកាសពីទីនេះប្រាប់ថា យើងហ្នឹងផ្តល់ស្ពានបេតុងជំនួសវិញ អ្នកចេញថវិការសាងសង់ គឺអ្នកឧញ៉ាលីយ៉ុងផាត់ ព្រោះស្ពានដែកនេះរអិលពេលមានភ្លៀងធ្លាក់ ធ្វើឱ្យគ្រោះថ្នាក់។ ហើយតំបន់នោះ ក្លាយជាតំបន់ទាក់ទាញមួយតភ្ជាប់ ពីកោះយ៉ទៅបាក់ខ្លងនៅខេត្តកោះកុង ពីមុនយើងធ្វើស្ពានដែក។ ពេលនេះ នឹងធ្វើស្ពានជូនពលរដ្ឋ ដូចជាជាង ១០០ម៉ែត្រ ធ្វើស្ពានឱ្យបានល្អ”។

បើតាមការលើកឡើងរបស់សម្តេច ការកសាងនេះជាការកសាង ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយការប្រើប្រាស់នូវទុនផ្ទាល់ និងការស្វះស្វែងរកទុនវិនិយោគពីបរទេសមក។

ឆ្នេរបាក់ខ្លង ដែលស្ថិតនៅក្នុងដែនរដ្ឋបាល ឃុំមណ្ឌលសីមា ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ មានចំងាយប្រមាណជា៨គីឡូម៉ែត្រពីទីរួមខេត្តកោះកុង សម្រាប់លំហែកម្សាន្ត មានឆ្នេរខ្សាច់ស្រស់ស្អាត ស្រូបខ្យល់បរិសុទ្ធ ស្តាច់សំលេងទឹកសមុទ្របាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here