ក្រុងញូវយ៉កសាងសង់អគារឆ្លាតវៃធំនិងខ្ពស់បំផុតដែល”ប្រើថាមពលកកើតឡើងវិញសុទ្ធសាធ”

0

ដោយ៖ សុខុម

ញូវយ៉ក: ធនាគារខ្នាតយក្សរបស់អាមេរិក JPMorgan Chase បានបញ្ចេញប្លង់អគារការិយាល័យកណ្ដាលថ្មីដ៏អស្ចារ្យរបស់ខ្លួន នោះគឺអគារកប់ពពកឆ្លាតវៃកម្ពស់៦០ជាន់ដែលប្រើថាមពលកកើតឡើងវិញសុទ្ធសាធ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៩ ខែមេសា។

ក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស Foster + Partners ដែលជាអ្នកពីក្រោយប្លង់ស្ថាបត្យកម្មនេះនិយាយថា អគារកប់ពពកខាងលើនេះមានកម្ពស់៤២៣ម៉ែត្រនេះ ហើយនៅពេលដំណើរការសាងសង់បញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២៥ តាមការគ្រោងទុក វានឹងក្លាយជាអគារ “ប្រើថាមពលកកើតឡើងវិញសុទ្ធសាធ” ធំបំផុត និងខ្ពស់បំផុតប្រចាំក្រុងញូវយ៉ក។

ធនាគារ JPMorgan Chase និងក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners បានចេញសេចក្ដីប្រកាសព័ត៌មានរួមថា អគារកប់ពពកដែលស្ថិតនៅក្នុងសង្កាត់ Manhattan ក្រុងញូវយ៉ក នេះនឹង “ដំណើរការដោយមិនបំភាយឧស្ម័នចូលទៅក្នុងបរិយាកាសទាំងស្រុង” ដោយមួយអន្លើតាមរយៈការប្រើប្រាស់ថាមពលពីរោងចក្រវារីអគ្គសនីរដ្ឋ។

លក្ខណៈពិសេសផ្សេងៗទៀតនៃការរចនាប្លង់ស្ថាបត្យកម្មដែលសន្សំសំចៃថាមពលនេះរួមមាន បង្អួចកញ្ចក់៣ស្រទាប់ និងប្រព័ន្ធសម្រាប់រក្សាទុក និងប្រើប្រាស់ទឹកឡើងវិញដែលអាចកាត់បន្ថយការប្រើប្រាស់បានដល់ទៅ៤០%ផងដែរ។ ទន្ទឹមនេះអគារនេះក៏នឹងប្រើ “បច្ចេកវិទ្យាអគារឆ្លាតវៃ” (Intelligent Building Technology) ផងដែរ ដោយប្រើប្រព័ន្ធស៊ិនស័រដើម្បីត្រួតពិនិត្យ និងកាត់បន្ថយការប្រើប្រាស់ថាមពល។

ការងារសាងសង់អគារដែលមានផ្ទៃជាន់សរុប២៣២,២៥៧ម៉ែត្រការ៉េនេះបានចាប់ផ្តើមហើយ ហើយវាមានសមត្ថភាពផ្ទុកអ្នកធ្វើការបានរហូតដល់ទៅ១៤.០០០នាក់។ ទោះជាយ៉ាងណា គ្មានការបញ្ជាក់អំពីតម្លៃអគារនេះទេ។

ការបញ្ចេញប្លង់អគារដ៏អស្ចារ្យនេះធ្វើឡើងប៉ុន្មានខែក្រោយពីចៅហ្វាយក្រុងញូវយ៉ក លោក Bill de Blasio បានអនុម័តវិធានរឹតបន្តឹងការប្រើប្រាស់ឥន្ធនៈផូស៊ីលនៅក្នុងគ្រប់អគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្មថ្មីៗទាំងអស់ចាប់ពីឆ្នាំក្រោយទៅ។

វិធាននេះតម្រូវការឱ្យអគារថ្មីៗទាំងអស់នៅក្នុងទីក្រុងញូវយ៉ក ត្រូវសាងសង់ឡើងដោយប្រើថាមពលកកើតឡើងវិញសុទ្ធសាធនៅត្រឹមឆ្នាំ២០២៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here