ផ្សារបណ្តែតទឹកលើកដំបូងរបស់កម្ពុជាជាប់គាំងឬ?

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ: រហូតមកទល់ពេលនេះគម្រោងសាងសង់ផ្សារបណ្តែតទឹកជាលើកតំបូងនៅកម្ពុជា ដែលគ្រោងវិនិយោគដោយក្រុមហ៊ុនSKYLAND សហការជាមួយក្រុមហ៊ុនជំនាញមកពីប្រទេសថៃ ហាក់មានភាពស្ងប់ស្ងាត់ តើគំរោងនេះជាប់គាំងឬ?។

លោកឧកញ៉ាស្រី ចាន់ថនអគ្គនាយកក្រុមហ៊ុនSKYLANDធ្លាប់បានថ្លែងឲ្យដឹងកាលពីឆ្នាំមុនថា ផ្សារបណ្តែតទឹកនេះ គ្រោងរៀបចំលើផ្ទៃដី៥០ហិកតា ដោយជំហ៊ានទី១ធ្វើឡើងលើផ្ទៃដី២០ហិកតា ជំហ៊ានទី២លើផ្ទៃដី១០ហិកតានិងរួមទាំងចំណតយានយន្តសរុបផ្ទៃដីទាំងមូល នៃគំរោងនេះស្មើនឹង៥០ហិកតា។ អ្នកជំនាញមកពីប្រទេសថៃនឹងមកជួយរៀបចំប្លង់មេ និងរៀបចំបែបបទនិតិវិធី ដើម្បីរៀបចំផ្សារបណ្តែតទឹកនេះ ដែលនៅទីបញ្ចប់គំរោងនេះអាចគ្របដណ្តប់លើផ្ទៃដីរហូតដល់៣០ហិកតា។
ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីទំហំនៃការចំណាយ និងក្រុមហ៊ុនដែលបានសហការជាមួយSKYLANDនៅឡើយ។

លោកឧកញ៉ាស្រី ចាន់ថនបានបន្តថា “យើងចង់ធ្វើអ្វីមួយឲ្យមានភាពច្បាស់លាស់តែមួយម្តង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អឺរ៉ុប អាស៊ីពេលមករាជធានីភ្នំពេញពួកគេទៅទស្សនាផ្សារបណ្តែតទឹក និងផ្សាររាត្រីកុងទីណ័រ ហើយបើទៅសៀមរាប គឺពួកគេទៅទស្សនានៅអង្គវត្ត”។

ផ្សារបណ្តែតទឹកនេះនឹងរៀបចំឲ្យមានទូកលក់ទំនិញ និងផ្ទះដែលរៀបចំនិងរចនាឡើងតាមរចនាបទខ្មែរសុទ្ឋ និងទូកធំៗអាចមានប្រវែងរហូតដល់៤០ម៉ែត្រ។លោកបន្តថា ក្រុមហ៊ុនរៀបចំគំរោងនេះធំ ដោយអាចទទួលមនុស្សទៅកំសាន្តចន្លោះពី១ ទៅ២ម៉ឺននាក់ អាចទៅទស្សនានៅតំបន់នោះនាពេលសាងសង់រួច ដោយសារស្រុកខ្មែរ មិនទាន់មានផ្សារបណ្តែតទឹកបែបនេះនៅឡើយទេ ហើយអ្វីដែលលោករៀបចំគឺធ្វើឡើងដោយច្នៃប្រឌិត និងមានចំណែកខ្លះក្រុមហ៊ុនយកលំនាំមកពីប្រទេសថៃ។

ទោះជាយ៉ាងណាសកម្មភាពសាងសង់បានស្ងប់ស្ងាត់ ហើយការទាក់ទងលោកឧកញ៉ាស្រី ចាន់ថនដើម្បីសុំការពន្យល់មិនអាចទាក់ទងបាននៅឡើយទេ។
អគ្គលេខាធិការសមាគមសម្ព័ន្ឋទេសចរណ៍ជាតិកម្ពុជាលោកហូ វណ្ឌីធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ភាពជោគជ័យរបស់គំរោងនេះ អាស្រ័យលើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ភាពទាក់ទាញ សន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់នោះ ដែលក្រុមហ៊ុនបាននិងកំពុងរៀបចំបណ្តើរៗហើយ។ បច្ចុប្បន្នក្រុមហ៊ុនបានផ្គត់ផ្គង់សម្ភារៈ បរិក្ខាមានភាពទាក់ទាញជាច្រើន គួបផ្សំនឹងបរិស្ថានមានភាពអំណោយផលនៅទីនោះ ពិតជាទាក់ទាញទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កាន់តែច្រើនទៅទស្សនានៅតំបន់នោះនាពេលអនាគត។

លោកបន្តថា “តំបន់នោះមានភាពទាក់ទាញ ឬមានសក្តានុពលសម្រាប់ទាក់ទាញ ដោយសារតំបន់នោះមានព្រែកជីក និងស្ទឹងធម្មជាតិ ដែលមានភាពអំណោយផលលើបរិស្ថាន”។លោកបន្តថា “ប្រសិនជាស្ពានឆ្លងកាត់ពីតំបន់ជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំបានសាងសង់រួចរាល់ នឹងធ្វើឲ្យតំបន់នោះនៅជិតទីក្រុងភ្នំពេញ និងធ្វើឲ្យគំរោងនោះទាក់ទាញបាននូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិច្រើន”។

LEAVE A REPLY

Please enter your comment!
Please enter your name here