ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ នាយកប្រតិបត្តិស្ថាប័ន Club Eco Water នៃប្រទេសជប៉ុន បានបញ្ជាក់ថា លោកមានបំណងធ្វើការបណ្តុះបណ្តាលជំនាញក្នុងការផលិតទឹក Mineral ដល់យុវជនកម្ពុជា ដើម្បីបង្កើនជំនាញ និងការងារដល់យុវជនកម្ពុជា។
ថ្លែងក្នុងពិធីស្វែងយល់ពីសារៈប្រយោជន៍នៃទឹក និងសុខុមាលភាពកុមារ នាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ មេសា ២០២២ លោក Shimada Satoshi នាយកប្រតិបត្តិស្ថាប័ន Club Eco Water នៃប្រទេសជប៉ុន បានបញ្ជាក់ថា លោកមានបំណងធ្វើការបណ្តុះបណ្តាលជំនាញក្នុងការផលិតទឹករ៉ែ Mineral ដល់យុវជនកម្ពុជា ដើម្បីបង្កើនជំនាញ និងការងារដល់យុវជនកម្ពុជា។

-->
លោកបន្តថា ទឹករ៉ែ ឬទឹក Mineral មានសារៈសំខាន់ណាស់សម្រាប់សុខភាពកុមារ និងការលូតលាស់ប្រាជ្ញាស្មារតី ធ្វើឲ្យកុមារមានការចងចាំបានល្អ និងមានសុខភាពល្អ។ ក្រៅពីនេះ ទឹករ៉ែក៏ត្រូវបានគេយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម ដែលធ្វើឲ្យទិន្នផលដំណាំលូតលាស់ល្អ និងទិន្នផលមានការកើនឡើងខ្ពស់។

លោក កេន ចន្ថា នាយកសាលាបញ្ញាវន្តអង្គរ បានស្វាគមន៍ចំពោះបំណងរបស់ស្ថាប័ន Club Eco Water នៃប្រទេសជប៉ុន ចំពោះការវិនិយោគ និងនាំចូលទឹករ៉ែធម្មជាតិនេះ មកចែកចាយនៅកម្ពុជា និងបំណងចាប់ដៃគូ លើការបណ្តុះបណ្តាលជំនាញក្នុងការផលិតទឹករ៉ែនេះដល់យុវជនកម្ពុជា។

លោកថា សាលារៀនបានបញ្ចូលកម្មវិធីអនាម័យទឹកស្អាត ដើម្បីឲ្យសិស្សមានចំណេះដឹងក្នុងការទទួលទឹកស្អាត កាត់បន្ថយមេរោគ និងប៉ះពាល់ដល់សុខភាព។
តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២២ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគចំនួន១៤៧ពីក្រុមហ៊ុនជប៉ុន ដែលមានទុនវិនិយោគសរុបប្រមាណ ២,៩ពាន់លានដុល្លា៕
