ដោយ៖សុផារី
ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឱ្យនៅតាមបុរីនីមួយៗ ត្រូវមានសេវាទូរស័ព្ទ និងអ៊ិនធើណេតគ្រប់គ្រាន់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ឌីជីថល សម្រាប់ទំនាក់ទំនងការងារ ធ្វើអាជីវកម្ម និងប្រាស្រ័យទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ។
ការជំរុញនេះបន្ទាប់ពីសង្កេតឃើញថា ការអភិវឌ្ឍន៍លំនៅ ឋាននៅតាមបុរីនីមួយៗ មិនបានគិតគូរដល់ការទ្រទ្រង់នូវទូរគមនាគមន៍ដូចជា ការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងតម្លើងអង់តែនសម្រាប់ផ្តល់សេវាទូរស័ព្ទ និងអ៊ិនធើណេត ដល់អ្នកដែលបានចូលទៅរស់នៅក្នុងគម្រោងរបស់ខ្លួន ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញឱ្យអនុវត្តគោល នយោបាយឌីជីថល សម្រាប់សេវាសាធារណៈ និងលើកកម្ពស់ធុរកិច្ចថ្មី ក្នុងយុគសម័យឧស្សាហកម្ម៤.០។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងដៃគូ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាសូហ្វែរឧស្សាហកម្មឌីជីថល ក្នុងការបណ្តុះបណ្តាល និងទទួលស្គាល់ស្តង់ដារផ្នែកជំនាញវិស្វកម្ម បច្ចេកវិទ្យា និងឌីជីថល ដើម្បីដោះស្រាយវិស័យបរិស្ថាន នៅថ្ងៃទី២១ ខែមេសានេះ លោកបានលើកឡើងថា ចាប់ពីពេលនេះតទៅម្ចាស់អភិវឌ្ឍន៍លំនៅឋាននៅតាមបុរី ត្រូវគិតគូរលើការតភ្ជាប់សេវាទូរស័ព្ទ និងអ៊ិនធើណេត ឱ្យបានគ្រប់គ្រាន់។
លោករដ្ឋមន្ត្រី អះអាងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងធ្វើការងារជាមួយម្ចាស់គម្រោងបុរី ប្រតិបត្តិករប្រព័ន្ធទូរគមនាគមន៍ និងក្រុមហ៊ុនវិនិយោគឯកជន លើការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្នែកសេវាទូរស័ព្ទ និងអ៊ិនធើណេតនៅតាមបុរីលំនៅឋាន ដើម្បីឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជាឈានទៅសម្រេចបានតាមចក្ខុវិស័យ និងគោលនយោបាយដែលបានដាក់ចេញ គឺ “ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល”៕