ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការទុនប្រមាណ ១៧,៥ពាន់លានដុល្លារ ដើម្បីវិនិយោគលើវិស័យឧស្សាហកម្មទូទៅ សម្រាប់ឆ្នាំ២០២២ ដល់២០២៤។
យោងតាមរបាយការណ៍ស្តីពី កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល (PIP) 2022-2024 របស់ក្រសួងផែនការបានឲ្យដឹងថា ឆ្នាំ២០២២នេះ រដ្ឋនឹងត្រូវការទុនប្រមាណ៥,៣ពាន់លានដុល្លារ ខណៈឆ្នាំ២០២៣ ត្រូវការ ៥,៩ពាន់លានដុល្លារ ហើយឆ្នាំ ២០២៤ ៦,២ពាន់លានដុល្លារ។
-->
របាយការណ៍នេះបានបន្តថា វិស័យឧស្សាហកម្មទូទៅ សំដៅលើការរុករករ៉ែ ផលិតកម្ម អគ្គិសនី ឧស្ម័ន និងទឹក និងអនុវិស័យសំណង់។
អនុវិស័យសំណង់ នឹងត្រូវការថវិកាវិនិយោគ៩,២ពាន់លានដុល្លារ ខណៈវិស័យផលិតកម្មត្រូវការ៦ពាន់លានដុល្លារ ហើយវិស័យអគ្គិសនី ឧស្ម័ន និងទឹកត្រូវការ ១,៩ពាន់លានដុល្លារ។

រដ្ឋាភិបាលកម្ពុជាបាន និងកំពុងសាងសង់អគារសាធារណៈ ស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមនៅឆ្នាំ ២០៣០ខាងមុខនេះ៕