ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចគ្រោងនឹងដកចេញនូវវិធានការពាក់ម៉ាស់ នៅតាមទីសាធារណៈ ប៉ុន្តែរក្សាគម្លាត និងលាងដៃ ដោយសារសម្តេចបានព្យាករណ៍ថា ការពាក់ម៉ាស់ធ្វើឱ្យពលរដ្ឋកម្ពុជាចំណាយប្រមាណ៣ម៉ឺនដុល្លារ ក្នុង១ថ្ងៃ។
នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាលអ៊ីតាលីជាង១លានដូស នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។

-->
សម្តេចតេជោបានថ្លែងថា សម្តេចមានបំណងចង់ដកការពាក់ម៉ាស់នៅទីសាធារណៈ ប៉ុន្តែនៅទីបិទជិតនៅតែបន្តពាក់ម៉ាស់ដដែល ដើម្បីដកចេញកាតព្វកិច្ចសុខាភិបាលក្នុងខេត្ត ឬតំបន់មួយចំនួន ប៉ុន្តែការដកចេញនេះ នឹងទុកឱ្យពលរដ្ឋជាអ្នកជ្រើសរើសថាត្រូវពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។ ការសម្រេចនេះនឹងរង់ចាំកិច្ចប្រជុំពិសេសនៅថ្ងៃនេះសិន ដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា “យើងមិនត្រូវមើលឃើញតែបញ្ហាសុខភាពមួយមុខនោះទេ ប៉ុន្តែមើលឱ្យឃើញផងដែរនូវសេដ្ឋកិច្ចសង្គម។ ការពាក់ម៉ាស់គឺជាការតម្រូវឱ្យពលរដ្ឋយើងចំណាយយ៉ាងធំ”។
សម្តេចតេជោបានចាត់ទុកថា អត្រាឆ្លង និងស្លាប់ទាបនៅកម្ពុជានាពេលនេះ ដោយសារភាពស៊ាំសហគមន៍ ដែលបណ្តាលមកពីការចាក់វ៉ាក់សាំងដល់ពលរដ្ឋកន្លងទៅ។ សម្តេចថ្លែងថា “នៅថ្ងៃនេះកម្ពុជាមានអត្រាឆ្លងត្រឹមតែ១២ករណីតែប៉ុណ្ណោះ ដែលអត្រាឆ្លងនេះមានកម្រិតទាបណាស់ ចាប់តាំងពីក្រោយបុណ្យចូលឆ្នាំគឺនៅក្រោម២០នាក់រហូតមក”។

បើតាមការលើកឡើងរបស់សម្តេចតេជោ វ៉ាក់សាំងបង្ការកូវីដ១៩ នឹងមកដល់ជាបន្តបន្ទាប់ ដែលយើងនៅសល់វ៉ាក់សាំងជាង២០លានដូសថែមទៀត ដែលជាការសន្យារបស់មិត្តយើង បញ្ជូនមកកម្ពុជាខាងមុខនេះ ខណៈដែលនៅក្នុងឃ្លាំងរបស់យើងនៅសល់ជាង១១លានដូស៕