ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសឥណ្ឌូនេស៊ី នៅលើវិស័យអទិភាពផ្សេងៗ រាប់ចាប់តាំងពីពាណិជ្ជកម្ម វប្បធម៌ រហូតដល់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយឱនភាពទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ។
នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Sudirman Hase ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីទំនាក់ទំនងមិត្តភាពប្រពៃណីរវាងកម្ពុជា និងឥណ្ឌូនេស៊ី និងភាពស៊ីសង្វាក់គ្នានៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសទាំងពីរ តួយ៉ាងដូចជា ភាសា អក្សរសាស្ត្រ និងចម្លាក់បុរាណ។
-->
លោករដ្ឋមន្ត្រី ក៏បានបង្ហាញភាគីឥណ្ឌូនេស៊ី នូវសក្តានុពលកសិកម្ម ទេសចរណ៍ និងឧស្សាហកម្មរបស់កម្ពុជា ដែលកំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ក្នុងការធ្វើពិពិធកម្ម (ពង្រីក) នាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រី បានជម្រាបជូនវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មប្រទេសទាំងពីរ និងបានស្នើឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកម្ពុជា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌ ក៏ដូចជាការពង្រឹងកិច្ចសហការវាងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍លើផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងនវានុវត្តន៍ (គំនិតច្នៃប្រឌិត) ដែលជាគន្លឹះក្នុងការលើកស្ទួយសហគ្រិនភាព សំដៅធ្វើពិពិធកម្មឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទីតឥណ្ឌូនេស៊ីបានថ្លែងថាឥណ្ឌូនេស៊ីមានបំណងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យអាទិភាពផ្សេងទៀតជាមួយកម្ពុជា ហើយនៅសប្តាហ៍ក្រោយ ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី នឹងសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រតិភូធុរជនកម្ពុជា ដែលស្វែងរកឱកាសអាជីវកម្មនៅទីក្រុងBandung នៃខេត្តចាវ៉ាខាងលិច។

លោកបានបន្ថែមទៀតថា រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពិចារណាទិញអង្ករ និងផលិតផលកសិកម្មមួយចំនួនទៀតពីកម្ពុជា និងបានជំរុញពាណិជ្ជករឥណ្ឌូនេស៊ី ចូលរួមព្រឹត្តិការណ៍ពិពរ័ណ៍ភូមិ១ ផលិតផល១ ដែលគ្រោងនឹងរៀបចំនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ ដើម្បីជំរុញកិច្ចសហការនិងកាត់បន្ថយឱនភាពទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានអតិបរមា។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីកាលពីឆ្នាំមុនសម្រេចបានទឹកប្រាក់សរុប ៥៣៩លានដុល្លារសហរដ្ឋអាមេរិក ពោលគឺបានកើនឡើងជាង២០ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទឹកប្រាក់២៦លានដុល្លារអាមេរិក និងនាំចូលមានចំនួន៥១៤លានដុល្លារសហរដ្ឋអាមេរិក។ ដោយឡែក នៅក្នុងឆមាសទី១ នៃឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់៣១៨លានដុល្លារអាមេរិក គឺបានកើនឡើង៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧៕
