ដោយ៖ សូរិយា
កណ្តាល: ផ្លូវយុទ្ធសាស្រ្តថ្មីៗចំនួន២ខ្សែ នឹងត្រូវកសាងឡើងក្នុងពេលឆាប់ៗនៅក្នុងស្រុកលើកដែក តភ្ជាប់ទៅស្រុកកោះធំ និងតភ្ជាប់ទៅផ្លូវក្រវាត់ក្រុងទី៣ក្នុងទឹកដីខេត្តកណ្តាល ដើម្បីងាយស្រួលដល់ការដឹកជញ្ជូន និងជួយជំរុញសេដ្ឋកិច្ចរបស់ពលរដ្ឋ។
បើយោងតាម លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ថា ផ្លូវយុទ្ធសាស្រ្តថ្មីៗចំនួន២ខ្សែនេះ រួមមាន ផ្លូវទី១មានប្រវែងបណ្តោយជាង៧ គីឡូម៉ែត្រ ទទឹង៦០ម៉ែត្រ កំពុងសាងសង់ចេញពីក្បែរច្រកទ្វារក្អមអន្តរជាតិសំណ ស្រុកលើកដែក ឆ្ពោះទៅស្រុកកោះធំ។
-->

ផ្លូវថ្មីមួយខ្សែទៀតមានប្រវែង៣២គីឡូម៉ែត្រ ទទឹង៥០ម៉ែត្រ ចេញពីស្រុកលើកដែក ឆ្ពោះទៅផ្លូវក្រវាត់ក្រុងទី៣ ឬចំណុចបំបែកផ្លូវលេខ១ ម្តុំខាងលិចស្ពានអ្នកលឿង។ ហើយបច្ចុប្បន្ននេះ ABB ក៏កំពុងសិក្សាកសាងផ្លូវប្រវែងជាង៥គីឡូម៉ែត្រ ទទឹង៥០ម៉ែត្រឆ្ពោះទៅស្រុកកោះធំមួយផ្សេងទៀតផងដែរ។

លោកបញ្ជាក់ថា “ការកសាងផ្លូវទាំងនេះ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់តភ្ជាប់ការជញ្ជូនពីតំបន់មួយទៅតំបន់មួយ និងពីស្រុកមួយទៅស្រុកមួយ រហូតដល់ប្រទេសវៀតណាម តាមរយៈច្រកទ្វារអន្តរជាតិក្អមសំណហើយក៏ជាការឆ្លើយតបយ៉ាងសំខាន់ និងទាន់ពេលវេលាផងដែរ ខណៈដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មក្នុងតំបន់ ដែលកំពុងរីកលូតលាស់ និងដាំដុះយ៉ាងច្រើន ដូចជា ដំណាំពោត និងស្វាយជាដើម”។
លោកថា ការតភ្ជាប់សសៃឈាមគ្រប់ច្រកល្ហកនេះ ទៅថ្ងៃអនាគតដ៏ខ្លីខាងមុខ រំពឹងថាស្រុកលើកដែកនឹងក្លាយជាកូនក្រុងតូចមួយជាក់ជាមិនខាន។

ជាមួយគ្នានេះ លោកអភិបាលស្រុកបញ្ជាក់ថា ក្នុងពេលឆាប់ខាងមុខនេះ ឬយ៉ាងយូរមួយខែទៀត ស្រុកលើកដែក នឹងប្រកាសបើកច្រកទ្វារអន្តរជាតិក្អមសំណជាផ្លូវការ ជាមួយនឹងភាគីវៀតណាម ខណៈដែលច្រកទ្វារនេះ ទាំងផ្លូវគោក និងផ្លូវទឹកបានដំណើរការជាមួយមកហើយ តែមិនទាន់ពេញលេញនៅឡើយ ដោយសារតែខាងភាគីវៀតណាមមិនទាន់បានបើកជាច្រកអន្តរជាតិ។ លោកថា ការដែលមិនបានបើកជាច្រកអន្តរជាតិកន្លងមកនេះ ធ្វើឲ្យទំនិញចំនួនមិនអាចដឹកឆ្លងកាត់បានទេ។

លោកមានសុទិដ្ឋិនិយមដែរថា បន្ទាប់ពីកសាងផ្លូវខ្វាត់ខ្វែង និងបើកច្រកអន្តរជាតិពេញលេញនេះ នឹងផ្តល់ផលប្រយោជន៍ ច្រើនដល់ប្រជាជន និងប្រទេសទាំងពីរ និងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត៕